(ភ្នំពេញ)៖ ភាពយន្តថ្មីមួយទៀត ដែលជាវណ្ណកម្ម​របស់ផលិតកម្ម រ៉ក់ មានចំណងជើងថា «ពូជខ្ញុំអ៉ីចឹង» វគ្គ២ ត្រូវបានបើក​សម្ពោធ​ជាផ្លូវការ នាល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ​ រោងភាពយន្ត Legend ផ្សារស្ទឹងមានជ័យថ្មី ក្រោមវត្តមានជាអធិបតី​ភាពលោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ, លោក យឹម សុសត្យា ប្រធានគ្រប់គ្រងទូទៅ​​របស់ផលិតកម្ម រ៉ក់ និងជាពិសេសវត្តមានតារាសម្ដែង តារាចម្រៀង យ៉ាងច្រើនកុះករ។

លោក យឹម សុសត្យា ប្រធានគ្រប់គ្រងទូទៅ​​របស់ផលិតកម្ម រ៉ក់ និងជាផលិតករ បានថ្លែងឲ្យដឹងថា ដោយមើលឃើញពី​ភាពជោគជ័យ និងការគាំទ្រខ្លាំង ចំពោះរឿង «ពូជខ្ញុំអ៉ីចឹង» កាលពីវគ្គទី១ ទើបលោកសម្រេចចិត្តបោះទុនច្រើនជាងមុន ផលិតរឿង «ពូជខ្ញុំអ៉ីចឹង» វគ្គទី២នេះ បន្តទៀត ដោយសាច់រឿង មានលក្ខណៈកំប្លុកកំប្លែង ប្លែកជាងមុន ហើយគុណភាព ក៏ត្រូវបានសម្រិតសម្រាំងយ៉ាងល្អផងដែរ។ យ៉ាងណាមិញ លោកបានមើលឃើញសន្ទុះ នៃការគាំទ្រហាក់ខ្លាំងក្លា​ជាងមុន ព្រោះជាក់ស្ដែង​គ្រាន់តែថ្ងៃបើកសម្ពោធ គឺមានតារាមកចូលរួម យ៉ាងច្រើនកុះករ ដែលធ្វើឲ្យលោកមានកម្លាំងចិត្ត និងសប្បាយរីករាយយ៉ាងខ្លាំង។

លោក យឹម សុសត្យា ហៅ លីម៉េង មានបន្តថា ​«ពូជខ្ញុំអ៉ីចឹង» វគ្គទី២នេះ មានការចូលរួមសម្ដែង ដោយតារាកំប្លែងល្បីៗ កំពុងតែទទួលបានប្រជាប្រិយភាព ក្នុងវិស័យសិល្បៈរបស់ពួកគេរៀងៗខ្លួន មានដូចជា នាយ គ្រឿន កញ្ញា បេប៊ី,នាយ ក្រូច, នាយ តេលេ,នាយ ចឺម,នាយ BIG,តាចេក, អ្នកនាង ប៉េងប៉ោង, លោក  ម៉ារ៉ាប៊ុណ្ណា និងតារាកិត្តិយសល្បីៗជាច្រើនទៀត ខណៈសាច់រឿង ធ្វើឲ្យលោករំពឹងថា នឹងទទួលបានជោគជ័យ ក្រោយពេលដាក់បញ្ចាំងរួច។

សូមបញ្ជាក់ថា ភាពយន្តខ្នាតធំរឿង «ពូជខ្ញុំអ៉ីចឹង» វគ្គទី២ ជាប្រភេទរឿង​បែបកំប្លែង កាច់កុងគ្នា និងមានលាយឡំឈុតឆាក ខ្មោច ព្រាយបិសាច ដែលជារសជាតិថ្មីមួយទៀត សម្រាប់ទស្សនិកជន នៅដើមឆ្នាំ២០១៧នេះ ខណៈដែលផលិតកម្ម តែងតែទទួល​បានជោគជ័យ ក្នុងការដាក់បញ្ចាំងរឿងជាច្រើនមកហើយ នាពេលកន្លងមក។ រឿង«ពូជខ្ញុំអ៉ីចឹង» វគ្គទី២នេះ នឹងបើកបញ្ចាំជាផ្លូវការ គ្រប់បណ្ដារោងភាពយន្តទំនើប​ទាំងអស់ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ខណៈដែល​ពិធីបើកសម្ពោធ ត្រូវទទួលបានការ សហការឧបត្ថម្ភដោយ ក្រុមហ៊ុន Blanc a l´aise ក្រុមហ៊ុនថតរូប Akasa និងក្រុមហ៊ុន Bruntys៕