(ខេត្តកណ្ដាល)៖ ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានជម្រុញឲ្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ សហការរួមគ្នាឲ្យបានល្អប្រសើរ ជម្រុញការបង្ករបង្កើនផលស្រូវឲ្យបានទិន្នផល​ខ្ពស់ បន្ទាប់ពីប្រកាស ស.ជ.ណ លេខ៨៩ របស់ទីស្ដីការគណ:រដ្ឋមន្ត្រីក្នុងការបន្តសកម្មភាពធ្វើការដាំដុះស្រូវប្រដេញទឹក ។

លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ រួមជាមួយ ក្រុមគណៈកម្មការ​ចំពោះកិច្ចបានចុះប្រកាស ស.ជ.ណ លេខ៨៩ របស់ទីស្ដីការគណ:រដ្ឋមន្ត្រីនៅក្នុងទីតាំងក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ នៅព្រឹក​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយបានលើកឡើងថា កម្ពុជាបច្ចុប្បន្នបានគ្របដណ្តប់ដោយសន្តិភាព ពេញបរិបូរណ៍ ឯកភាព​​ទឹកដី នយោបាយ ទាំងអស់នេះគឺបានកើតចេញពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយការអនុវត្តន៍គោលនយោបាយបែបនេះ គឺបានធ្វើឲ្យកម្ពុជាទទួលបាននូវការអភិវឌ្ឍន៍ប្រកប ដោយការរីកចម្រើន ជាក់​ស្តែងដូចជាវិស័យកសិកម្មជាដើម ។លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងនូវការសាទរចំពោះក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ ដែល​រាជរដ្ឋាភិបាល បានចេញ ស.ជ.ណ លេខ៨៩ ឲ្យបន្តសកម្មភាពធ្វើការដាំដុះស្រូវប្រដេញទឹក ។

ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍នេះ ក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ត្រូវសហការជាមួយក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ ដើម្បីជម្រុញការបង្ករបង្កើនផលស្រូវ ឲ្យទទួលបានទិន្នផលខ្ពស់ ដើម្បីជម្រុញការនាំចេញឲ្យទទួលបានជោគជ័យ តាមប្រកាសរបស់រាជរដ្ឋាភិបាល ។

នៅជុំវិញការចុះទៅប្រកាសស.ជ.ណ លេខ៨៩ របស់រាជរដ្ឋាភិបាលនេះ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានលើកឡើងថា នៅក្នុងអណត្តិទី៥នេះ យើងទទួលស្គាល់ថា ការដោះស្រាយជាច្រើនដូចជា ដីសម្បទាន​សេដ្ឋកិច្ច​នៅ​ទូទាំង​ប្រទេសកន្លងមក គឺមានការប្រតិកម្មយ៉ាងខ្លាំង ដោយបានកើតឡើងពីចលនារបស់ ប្រជាជន ក្នុង​ការទាម​ទារ​លើបញ្ហាដីធ្លីនេះ ។លោករដ្ឋមន្រ្តី បានបន្តថា មកដល់បច្ចុប្បន្ន បញ្ហាទំនាស់ដីធ្លីគឺមានការស្ងប់ស្ងាត់ ពីព្រោះក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មានយន្តការដោះស្រាយយ៉ាងច្បាស់លាស់ ទៅតាមនីតិវិធីជាជំហានៗ ធ្វើយ៉ាងណាជម្រុញឲ្យ ឃើញថា ប្រភេទដីណាមួយជាដីរបស់ប្រជាពលរដ្ឋពិតប្រាកដ និងដីណាមួយជាដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ ដែលបាន ប្រគល់ជូនឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍ ក្នុងតំបន់នីមួយៗនៅទូទាំងប្រទេស។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញ ស.ជ.ណ. លេខ៨៩ ស្តីពីដំណើរការ និងអភិវឌ្ឍន៍ លើការអនុវត្តន៍គម្រោងវិនិយោគ និងដោះស្រាយទំនាស់របស់ក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ ដែលមានទីតាំង​នៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល និងបានគល់ជូនក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ បន្តសកម្មភាពធ្វើការ​ដាំដុះ​ស្រូវប្រដេញទឹក លើផ្ទៃដី៩៨០ហិកតាជាបន្តទៀត ព្រមទាំងជម្រុញប្រគល់ជូន ក្រុមការងារចំពោះកិច្ច ដែលមានតំណាងមក​ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមាជិក បន្តជម្រុញ ការវាស់វែង និងផ្តល់ប័ណ្ណសំគាល់សិទ្ធកាន់​កាប់​អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋក្នុងដីសម្បទានសេដ្ឋកិច្ច របស់ក្រុម ហ៊ុន ដើម្បីធ្វើឲ្យបានជ្រះស្រឡះនូវបញ្ហាជម្លោះ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ ក្នុងការជម្រុញឲ្យក្រុមហ៊ុនដំណើរការគម្រោង វិនិយោគឲ្យបានដោយរលូន ៕