(សៀមរាប)៖ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារចាស់ បន្តនាំយករថយន្តមន្ទីរពិសោធន៍ចល័ត នៃអគ្គនាយកដ្ឋានកាំកុងត្រូល បន្តចុះពិនិត្យធ្វើពិសោធន៍ ជាក់ស្តែងលើផលិតផល ចំណីអាហារ និងផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ស្ថិតក្នុងផ្សារចាស់ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
មន្រ្តីជំនាញ បានយកលទ្ធផលនៃការវិភាគ លើម្ហូបអាហារចំនួន៥៨គំរូ គឺក្រុមជំនាញកាំកុងត្រូល បានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ចំនួន៦គំរូ និងធ្វើកំណត់ហេតុដកហូតក្នុងនោះមាន៖ សរសៃគុយទាវ បាញ់កាញ់ មាន Borax ទម្ងន់ 25.90គ.ក និងមីសរសៃលឿងទម្ងន់12.60គ.ក។
មន្រ្តីកាំកុងត្រូលខេត្តសៀមរាប បានឲ្យដឹងថា ក្រោយឃើញទំនិញ មានសារធាតុហាមឃាត់មានដាក់លក់ នៅលើទីផ្សារចាស់រួចមក មន្រ្តីជំនាញបាន សហការ ជាមួយមន្រ្តីមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តសៀមរាប និងដោយមានការឯកភាពពីព្រះរាជអាជ្ញាខេត្តសៀមរាប បានចុះទៅត្រួតពិនិត្យ ដល់សិប្បកម្មផលិតសរសៃមី ដែលមានម្ចាស់ ទីតាំងឈ្មោះ អ៊ី ងិក ស្ថិតនៅផ្ទះលេខ១៩ ផ្លូវទាចំរ៉ាត់ ភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្នសមត្ថកិច្ចពាក់ព័ន្ធកំពុងកសាងសំណុំរឿង បិទជាបណ្តោះអាន្ន។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូលសាខាខេត្តសៀមរាប បានបន្តថា ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាន និងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ៕