(ស្វាយរៀង)៖ លោកស្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំ បូកសរុប សកម្មភាពការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅអនុវត្ត ឆ្នាំ២០១៧ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង ដែលមានលោក លោកស្រី ជាសមាជិកសមាជិកា ចូលរួមជិត១០០០នាក់ នៅខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។
នៅក្នុងកិច្ចប្រជុំនោះ លោកស្រី ម៉ែន សំអន បានណែនាំដល់ក្រុមការងារ ថ្នាក់ជាតិនិងអាជ្ញាធរដែនដីត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋត្រូវការពឹងផ្អែកទៅលើអាជ្ញាធរដែនដីគឺមានសេវាសំណូមពរនិងសេវាតំរូវការនិងត្រូវបន្តធ្វើវេទិការសាធារណៈជាមួយប្រជាពលរដ្ឋដើម្បីដឹងពីទុកលំបាក កង្វល់ បញ្ហា ប្រឈម និងត្រូវដោះស្រាយ បានទាន់ពេលវេលា។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តោតសំខាន់ទៅលើគោលនយោបាយទឹក ភ្លើង ផ្លូវ និងមនុស្សហើយក៏បានអនុគ្រោះទៅលើសេវាមួយចំនួនដែលមិនបង់ប្រាក់នៅឆ្នាំ២០១៧នេះដូចជាសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍និងសៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ័ជាដើម។
ជាមួយគ្នានោះដែរ លោក ម៉ែន វិបុល បានឡើងរាយការណ៍ក្នុងអង្គប្រជុំនេះថា តាមរយៈការរៀបចំវេទិការសាធារណៈ នៅ ឆ្នាំ២០១៦នេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀងទទួលបានសំណូមពរបញ្ហាប្រឈមចំនួន៦៧ក្នុងនោះកំពុង ដោះស្រាយ ចំនួន១៩ មិនទាន់ដោះស្រាយចំនួន១៤ និងបានដោះស្រាយរួចចំនួន៣៤ ដោយរាប់ទាំងអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផ្តល់ជូនខេត្តស្វាយរៀងនូវអគារសិក្សា អគារទីចាត់ការ និងអគារអន្តេវាសិកដ្ឋានសរុបចំនួន ៥ខ្នង ស្មើនឹង៨៨បន្ទប់ព្រមទាំងផ្លូវក្រាលកៅស៊ូប្រវែង២៦គ.មឆ្លងកាត់ឃុំស្វាយតាយាន ខែ្សត្រត្នោតនិងឃុំសំឡី នៃស្រុកកំពង់រោទិ៍ផងដែរ។
បន្ថែមពីលើនេះ ក្រុមការងារចុះមូលដ្ឋានស្វសយរៀងបានធ្វើការជំរុញដល់ក្រុមការងារទាំងអស់បន្តផ្សព្វផ្សាយកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ កម្មវិធីកំណែទំរង់លិខិតបទដ្ឋានគតិយុត្តិថ្មីៗដែលក្រសួងស្ថាប័នរាជរដ្ឋាភិបាលទើប បានដាក់ចេញដើម្បីកាត់បន្ថយការលំបាកនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន៕