(មណ្ឌលគិរី)៖ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី លោក សៀ សុខមៀង នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានថ្លែងថា ក្មេងស្រីម្នាក់ អាយុ១៥ឆ្នាំ ដែលបានស្លាប់កាលពីថ្ងៃទី០១ ខែកុម្ភៈ នៅក្នុងមន្ទីរពេទ្យនោះ ដោយសារតែនាងជំងឺរលាកស្រោមខួរធ្ងន់ធ្ងរពេក មិនអាចព្យាបាលបាន។
លោកប្រធានមន្ទីរពេទ្យបានលើកឡើងបែបនេះ បន្ទាប់ពីមានការចោទប្រកាន់ថា ខាងក្រុមគ្រូពេទ្យទារលុយពីឪពុកម្តាយអ្នកជំងឺចំនួន៦០ម៉ឺនរៀល ដើម្បីព្យាបាល តែលោកថា ក្រុមគ្រូពេទ្យទាំងអស់ មិនបានធ្វើការទាមទារដូចការចោទនោះទេ។
លោក សៀ សុខមៀង បានឲ្យដឹងថា បន្ទាប់ពីធ្វើការពិនិត្យជំងឺរបស់ក្មេងស្រីខាងលើហើយ ក្រុមគ្រូពេទ្យបានពិនិត្យឃើញថា ក្មេងស្រីនោះ មានជំងឺរលាកស្រោមខួរធ្ងន់ធ្ងរខ្លាំងពេក ហើយអាព្យាលបាលក្មេងស្រីមិនបានធ្វើការបញ្ជូនអ្នកជំងឺប្រភេទនេះ មកកាន់មន្ទីរពេទ្យឲ្យបានទាន់ពេលវេលា។
លោកប្រធានពេទ្យបង្អែកឲ្យដឹងថា បញ្ហារឿងលុយនោះ ឪពុកម្តាយអ្នកជំងឺជាអ្នកត្អូញត្អែរថា ពួកគាត់ក្រីក្រគ្មានលុយកាក់សម្រាប់ ធ្វើការបញ្ជូនកូនស្រីដែលឈឺនោះ ទៅព្យាបាលនៅភ្នំពេញទេ គឺលុយគាត់មានតែ៤០ម៉ឺនរៀល ប៉ុណ្ណោះ រីឯការហូបចុកសព្វបែបណានោះ គឺគ្មានថវិកាក្នុងការចំណាយនោះឡើយ ទើបឪពុកក្មេងស្រីនោះ ក៏បានធ្វើការផ្តិតមេដៃស្តាំជាភស្តុតាង គឺព្រមទុកកូនគាត់ឲ្យគ្រូពេទ្យធ្វើការព្យាបាល ដោយគាត់មិនរករឿងពេទ្យនោះទេ។
លោកប្រធានមន្ទីរពេទ្យបង្អែកមណ្ឌលគិរី បានបន្តថា គ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពទូទាំងប្រទេសកម្ពុជា គឺមានមូលនិធិសមធម៌ សម្រាប់ជួយដល់ជនក្រីក្រ។
សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ កន្លងទៅ មានឪពុកម្តាយបានបញ្ជូនកូនស្រីម្នាក់ ដែលឈឺធ្ងន់ធ្ងរ មកព្យាបាលមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បន្ទាប់ពីក្រុមវេជ្ជបណ្ឌិតនៅទីនេះ ពិនិត្យឃើញថា មានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរពេក ហើយចេះតែប្រកាច់ ក្មេងស្រីអភ័ព្វនោះបានដាច់ខ្យល់ស្លាប់តែម្ដង នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្មេងស្រីនោះឈ្មោះ វី ស្រីរ័ត្ន អាយុ១៥ឆ្នាំ រស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕