(ភ្នំពេញ)៖ ពិតជាគួរឲ្យអាណិតខ្លាំងណាស់! យុវតីម្នាក់ដោយសារតែមិនអាច បន្តការងារនៅហាងលក់សាច់ឆ្កែ យីហោ «ស្រីពៅ៩៩» បានក៏សុំលោកថៅកែឈប់ពីការងារ និងសុំបើកប្រាក់ខែមុនចំនួន៣០ដុល្លារ ដើម្បីជាសាហ៊ុយត្រឡប់ទៅផ្ទះវិញឯខេត្តកោះកុង។ ប៉ុន្តែដោយសារតែ លោកថៅមិនព្រម នាងក៏ដាច់ចិត្តលួចយកលុយចំនួន៣០ដុល្លារ នៅក្នុងកេះតុ ស្រាប់តែត្រូវលោកថៅកែប្តឹងទៅនគរបាលមូលដ្ឋាន ឲ្យចុះចាប់ខ្លួន ហើយចាប់បញ្ជូនទៅកាន់តុលាការតែម្តង ដោយសារតែក្រុមគ្រួសាររបស់នាង មិនមានលុយចំនួន១ពាន់ដុល្លារ ដើម្បីសងទៅតាមការទាមទារ របស់លោកថៅកែបាន។
ហាងលក់សាច់ឆ្កែយីហោ «ស្រីពៅ៩៩» នេះ មានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ហើយយុវតីដែលត្រូវសមត្ថកិច្ចចាប់ខ្លួននេះមានឈ្មោះ ទូច ស្រីគន្ធ អាយុ១៧ឆ្នាំ មានស្រុកកំណើតភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ម្តាយយុវតីម្នាក់នេះ បានរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News ថា កូនស្រីរបស់គាត់បានចូលបម្រើការងារក្នុងហាងស្រីពៅ៩៩ជិតមួយឆ្នាំ ហើយទើបមិនដែលមានបញ្ហាអីនោះទេ ទើបតែពេលនេះ នាងក៏សម្រេចចិត្តសុំឈប់ពីការងារនេះ និងសុំថៅកែបើកប្រាក់ខែមុន តែថៅកែមិនព្រមបើកប្រាក់ខែឲ្យ ហើយក៏ដាច់ចិត្តលួចលុយចំនួន៣០$ គ្រាន់ទុកសម្រាប់ធ្វើជាសាហ៊ុយទៅស្រុកកំណើតវិញ។
បន្ទាប់ពីបានដឹងថា ខ្លួនបានបាត់ប្រាក់៣០$ ក៏ថៅកែហាង ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទួលសង្កែ លុះនៅម៉ោង២រំលងអាធ្រាត្រថ្ងៃអាទិត្រទី៥ ខែកុម្ភៈ ឆ្នាំ២០១៧កម្លាំងនគរបាលប៉ុស្តិ៍ក៏តាមចាប់ខ្លួនបាន។
បន្ទាប់ពីឃាត់ខ្លួន យុវតីរូបនេះត្រូវបានឃុំខ្លួននៅប៉ុស្តិ៍រដ្ឋបាលទួលសង្កែ ហើយក្រុមគ្រួសារ បានធ្វើការទំនាក់ទំនងដោះស្រាយ តែខាងនគរបាលប៉ុស្តិ៍ តម្រូវឲ្យខាងក្រុមគ្រួសារបង់ថវិកាចំនួន១០០០$ (មួយពាន់ដុល្លា) ជូនទៅថៅកែហាងតាមការទាមទារ។ ដោយសារតែក្រុមគ្រួសាររបស់នាង ពុំមានលទ្ធភាពក្នុងការសងសំណងនេះ ខាងប៉ុស្តិ៍រដ្ឋបាលទួលសង្កែ ក៏ចាប់បញ្ជួននាងបន្តទៅអធិការខណ្ឌឬស្សីកែវ រហូតចាប់បញ្ជូនទៅតុលាការតែម្តង។
ក្រោយបញ្ជួនដល់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ជាន់ទី២ ក្នុងបន្ទប់ព្រះរាជអាជ្ញារង អក្ស "រ" ប៉ុន្តែត្រូវបានបញ្ជួនត្រឡប់មកអធិការខណ្ឌឬស្សីកែវវិញរង់ចាំបញ្ជូនបន្តទៅថ្ងៃស្អែកទៀត៕