Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក កឹម សុខា៖ «ខ្ញុំសូមឲ្យថ្នាក់ដឹកនាំយើង កុំគិតត្រឹមតែចាញ់-ឈ្នះក្នុងគណបក្សខ្លួនឯង» (Video inside)

07-02-2017 15:16

(ភ្នំពេញ)៖ ទំនងជាទទួលស្គាល់អំពីការខ្វែងគំនិត និងមានទំនាស់ផ្ទៃក្នុងគណបក្សរបស់ខ្លួន នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានស្នើថ្នាក់ដឹកនាំ នៅក្នុងគណបក្សសង្រ្គោះជាតិ កុំគិតត្រឹមរឿងចាញ់-ឈ្នះគ្នា។ ប៉ុន្តែលោកស្នើឱ្យថ្នាក់ដឹកនាំទាំងនោះ សម្លឹងមើលឱ្យបានវែងឆ្ងាយ។

លោក កឹម សុខា បានសរសេរនៅលើបណ្តាញសង្គម Facebook មានលក្ខណៈអំពាវនាវថា៖ «ខ្ញុំសូមឲ្យថ្នាក់ដឹកនាំយើង កុំគិតត្រឹមតែយកចាញ់-ឈ្នះ ក្នុងគណបក្សខ្លួនឯង ឬ ខ្មែរគ្នាឯង សូមឲ្យគិតមើលឲ្យឆ្ងាយ ឲ្យខ្ពស់ជាងនេះ»

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំមូលដ្ឋានគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នាគ្រាដែលោកបើកយុទ្ធនាការចុះសំណេះសំណាលនៅតាមបណ្តាខេត្តនានា ក្រោយពេលទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ដែលធ្វើឡើងតាមសំណើរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក កឹម សុខា បានបញ្ជាក់បន្ថែមថា៖ «យើងធ្វើការតស៊ូ លះបង់ ប្រឈមនឹងឧបសគ្គយ៉ាងច្រើន មានទាំងទទួលរង ការជេរប្រមាថ ការមូលបង្កាច់ ការធ្វើទុក្ខបុកម្នេញ ការចាប់ដាក់គុកច្រវ៉ាក់ ការគំរាមកំហែងរហូតដល់អាយុជីវិតនេះ គឺ “ដើម្បីសង្គ្រោះជាតិ”។ សង្គ្រោះជាតិគឺ សង្គ្រោះប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ កុំឲ្យហិនហោចខ្លោចផ្សា កាប់សម្លាប់គ្នា រងទុក្ខវេទនា តទៅទៀត។ យើងចង់បាន ឯកភាពជាតិ ចង់ឲ្យខ្មែរជានានឹងគ្នា។ ក៏ប៉ុន្ដែសូមកុំប្រើល្បិចទុច្ចរិត ព្រោះល្បិចកិច្ចកលនេះ មិនអាចទាញយកទឹកចិត្តពីប្រជាពលរដ្ឋខ្មែរ ឲ្យគាំទ្រខ្លួនបានឡើយ»

នេះមិនមែនជាលើកទី១ទេ ដែលលោក កឹម សុខា អំពាវនាវឱ្យមានការរួបរួមគ្នានៅក្នុងផ្ទៃក្នុងគណបក្សប្រឆាំង។ កន្លងទៅគណបក្សនេះ បង្ហាញអំពីការខ្វែងគំនិត គ្នាជាបន្តបន្ទាប់ ប៉ុន្តែគណបក្សនេះចាត់ទុកថា ជាគោលការណ៍ប្រជាធិបតេយ្យ។ កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា បានចេញមុខរិះគន់លោក សម រង្ស៊ី ដោយមានន័យថា បានសម្ងំសុខនៅក្រៅប្រទេសទុកឱ្យឪពុកនាងដើរលើផ្លូវពិបាក នៅកម្ពុជាតែម្នាក់ឯង។​ ជាមួយគ្នានេះ កញ្ញាក៏បានរិះគន់មេបក្សរបស់ខ្លួន ដែលនិយាយថា លោកចង់ជាប់ពន្ធនាគារ ជំនួសសកម្មជន ដែលជាប់ឃុំទៀត៕