(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋជាង១០០គ្រួសារ រស់នៅភូមិគោកចាស់ ឃុំសំរោង ស្រុកអូរជ្រៅ បានស្នើសុំឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ជួយសម្រួលជួសជុលផ្លូវចូលភូមិ មានប្រវែងជាង៩គីឡូម៉ែត្រ ដោយសារតែនៅពេលនេះផ្លូវមានការលំបាកយ៉ាងខ្លាំង ក្នុងការធ្វើដំណើរ។
ប្រជាពលរដ្ឋ បានប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា «រាល់ថ្ងៃនេះ ពួកខ្ញុំពិបាកចិត្តខ្លាំងណាស់ ដោយតែផ្លូវដីចូលភូមិមានការពិបាកខ្លាំង ដែលបណ្ដាលធ្វើឲ្យមានបញ្ហាក្នុងគ្រួសារដូចជា៖ កូនចៅឈឺស្កាត់ពេលយប់ និងការធ្វើដំណើមានការយឺតយ៉ាវ ធ្វើកូនចៅពួកខ្ញុំកាន់តែមានអាការៈធ្ងន់ៗឡើង»។
ពួកគាត់បន្តថា ផ្លូវលំនេះកាលពីប៉ុន្មានឆ្នាំមុន ក្នុងរដូវវស្សារកចេញ ទៅណាមិនបានឡើយ រហូតធ្វើឲ្យកូនចៅ និងបងប្អូន បានបាត់បង់អាយុជីវិត ដោយតែបញ្ហាផ្លូវចូលចេញភូមិមានស្ថានភាពពិបាកធ្វើដំណើរ។
លោកមេភូមិ បានប្រាប់ឲ្យដឹងថា កាលពីដើមខែប្រាំង ផ្លូវចូលភូមិខាងលើនេះ ត្រូវបានអាជ្ញាធរស្រុកអូរជ្រៅបានឈួសឆាយ ដីឲ្យមានស្ថានស្មើរនិងធ្វើដំណើរស្រួលតែវាមានលក្ខណៈរឹងមាំ ពេលមានមេឃភ្លៀងប៉ុន្មានមេមក ស្រាប់តែផ្លូវខាងលើនេះខូចខាតទៅវិញ។
លោក សាន ស៊ានហូ អភិបាលស្រុកអូរជ្រៅ បានថ្លែងឲ្យដឹងថា «ផ្លូវដីចូលភូមិខាងលើនេះ ស្ថិតនៅក្នុងឃុំសំរោង ស្រុកអូរជ្រៅ កាលពីឆ្នាំ២០១៥ យើងបានធ្វើការឈួសឆាយម្តងរួចហើយ ដោយតែស្ថានភាពផ្លូវនោះវាជាដី ដូច្នេះហើយវាងាយនិងខូចខាតវិញណាស់។ ផ្លូវខាងលើនេះ ខាងអាជ្ញាធរយើង មានគម្រោងរួចហើយ និងយកថវិកាឆ្នាំរបស់ឃុំទៅជួសជុល ក្នុងឆ្នាំក្រោយវិញ ហើយអាជ្ញាធរស្រុកយើងក៏មានគម្រោងធ្វើផ្លូវចាក់កៅស៊ូ ចូលចាប់ពីផ្លូវជាតិ៥ ដល់ឃុំសំរោង នៅឆ្នាំក្រោយជាមិនខាន តែឆ្នាំនេះយើងមិនធ្វើបានទេ ព្រោះយើងកំពុងសិក្សាបន្ថែមទៀត»។
លោកក៏បានជំរាបបន្ថែមថា បញ្ហាដែលគួរឲ្យបារម្ភខ្លាំង គឺបញ្ហាទឹកតែម្តង ដោយសារតែក្រុមហ៊ុនអានកូ មិនទាន់ធ្វើការបង្ហូរទឹកចេញពីអាំងអូរខៃដន ដើម្បីឲ្យប្រជាពលរដ្ឋ ប្រជាកសិករអាចប្រើប្រាស់បាន៕