(ភ្នំពេញ)៖ តារាសម្ដែង តារាចម្រៀង និងពិធីករ-ពិធីការិនី ល្បីៗ ជាច្រើនរូប បានចូលរួមបំផុសស្មារតី​ដល់សិស្ស និស្សិត នៃសាកលវិទ្យាល័យភូមិន្ទ​កសិកម្ម (ចំការដូង) ដើម្បីឲ្យចូលរួមបរិច្ឆាគ​ឈាម ជួយសង្គ្រោះជីវិតមនុស្ស និងជាការងារមនុស្សធម៌ ជួយដល់សង្គមមួយ ដែលមនុស្សគ្រប់រូប មិនថា​តែអ្នកសិល្បៈនោះទេ ត្រូវតែចូលរួមទាំងអស់គ្នា។ កម្មវិធីបរិច្ឆាគឈាមនេះ មានការអញ្ជើញចូលរួម​ជាអធិបតីភាព ពីសំណាក់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមន្រ្តីពាក់ព័ន្ធ និងសាស្រ្តាចារ្យ សិស្ស និស្សិតជាច្រើននាក់។

តារាសម្ដែង និងតារាចម្រៀង ​ដែលបាន​​ចូលរួម​បំផុស​​ចលនា​បរិ​ច្ចាគ​​ឈាមនេះ មានឈ្មោះថា «​កម្មវិធី​​តន្ត្រី​សប្បុរសធម៌​ ក្នុង​ការ​បរិ​ច្ចាគ​ឈាម​»​ រៀបចំ​​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ សហការ​ជាមួយ​ក្រសួងសុខាភិបាល ​និង​ក្រុម​ហ៊ុ​ប​អិន​វី​ស៊ី​ខ​ប ​ភើ​រេ​សិន​ នាពីព្រឹក​​ថ្ងៃ​ទី​៧​ កុម្ភៈ​ ​ឆ្នាំ២០១៧នេះ។

​លោក ផាត់ ដារារដ្ឋ ប្រធានគ្រុប «គ្រួសារតារាកម្ពុជា» បានថ្លែងថា ជាធម្មតាតារាសម្ដែង តារាចម្រៀង ឬពិធីករ ពិធីការិនី ក្នុងគ្រុបរបស់លោក តែងតែចូលរួមក្នុងសកម្មភាព​មនុស្សធម៌ ដូចជាសកម្មភាព​ជួយដល់ជនពិការ ស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យ «គន្ធបុប្ផា» ជួយដល់ជនក្រីក្រ និងការងារបំផុសស្មារតី ឲ្យចូលរួមបរិច្ឆាគឈាមនេះ ជាដើម។ ក្រុមអ្នកសិល្បៈ តែងតែចំណាយពេលវេលា មិនគិតពីការនឿយហត់ ដើម្បីចូលរួមចំណែក ក្នុងការងារសង្គម ហើយជាក់ស្ដែងក្នុងថ្ងៃនេះ អ្នកសិល្បៈដែលបានចូលរួម កម្មវិធីបំផុតស្មារតី ឲ្យបរិច្ឆាគឈាម​ នឹងទទួលបានប័ណ្ណសរសើរ ពីសាកលវិទ្យាធិការ ដែលផ្ដល់ជូនផ្ទាល់ដៃ ដោយ​​លោករដ្ឋមន្រ្តី វេង សាខុន ផងដែរ។

សូមបញ្ជាក់ថា ​កម្មវិធី​ខាងលើ​ គឺ​ដើម្បី​ផ្សព្វផ្សាយ​​ពី​​កម្មវិធី​បរិ​ច្ចាគ​​ឈាម​ ជួយ​ដល់​ជន​រង​គ្រោះ​នានា​ ​​ត្រូវការ​ឈាម​សម្រាប់​​ឆ្លង​ផុត​គ្រោះថ្នាក់ ​ដែល​អ្នកជំងឺ​កំពុង​ស្រែក​ដ​ង្ហើ​យរកជាបន្ទាន់។ សិល្បករ​ និង​និស្សិត​សាលា​កសិកម្ម​ ក្រៅពី​ការ​ចូលរួម​បំផុស​ការ​បរិ​ច្ចាគ​ឈាម ក៏​បាន​រួម​គ្នា​ឡើង​ច្រៀង​រាំ​​លេង​កម្សាន្ត​កំដ​​កម្មវិធី ​ឲ្យ​​មាន​បរិយាកាស​រីករាយ​ ​និងបង្កើនភាពស្និទ្ធស្នាល ជាមួយគ្នា ផងដែរ៕