(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបកស្រាយអំពីភាពខុសគ្នារវាង បណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី ដែលពលរដ្ឋខ្មែរភាគច្រើនពុំបានយល់ច្បាស់អំពីបញ្ហានេះ។

លោកបានពន្យល់យ៉ាងដូច្នេះថា៖ បណ្តឹងអាជ្ញា៖ បើតុលាការស្វែងរកឃើញថា ជនល្មើសមានពិរុទ្ធភាពគ្រប់គ្រាន់នោះ នឹងនាំអោយមានការផ្តន្ទាទោសជននេះ តាមច្បាប់កំណត់ ដែលអាចសម្រេច​ អំពីទោសដាក់ពន្ធនាគារ និងទោសពិន័យ ដែលមានកំណត់ច្បាស់លាស់ ក្នុងក្រមព្រហ្មទណ្ឌតាមប្រភេទបទល្មើសនីមួយៗ ដែលក្នុងន័យនេះប្រាក់ពិន័យ នៃអំពើល្មើសនីមួយៗ ត្រូវបង់ចូលថវិការដ្ឋ។

រីឯបណ្តឹងរដ្ឋប្បវេណី៖ ជនរងគ្រោះអាចតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណីក្នុងសំណុំរឿងព្រហ្មទណ្ឌ និងមានសិទ្ធិប្តឹងទាមទារ ជួសជុលការខូចខាត ដែលជាសំណងជំងឺចិត្ត បណ្តាលមកពីអំពើល្មើសណាមួយ ដែលប្រាក់សំណងនេះ​ នឹងត្រូវប្រគល់ជូនទៅដើមបណ្តឹងរដ្ឋប្បវេណី បន្ទាប់ពីមានសេចក្តី សម្រេចស្ថាពររបស់តុលាការ។ ចំនួនទឹកប្រាក់ដែលជាកម្មវត្ថុនៃការប្តឹងទាមទារនេះ ពុំមានកំណត់ក្នុងច្បាប់ឡើយ គឺជាសិទ្ធិសេរីភាពនៃការប្តឹងទាមទារ របស់ជនរងគ្រោះ ដែលជាដើមបណ្តឹងរដ្ឋប្បវេណី រីឯការពិចារណា​ សម្រេចគឺជាអំណាចរបស់តុលាការ។

សូមជំរាបថា នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈនេះ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនដើម្បីសង្គម អម​ដំណើរ​ដោយ​លោក​មេធាវី​ លី​ ច័ន្ទ​តុលា បានចូលទៅបំភ្លឺអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធនឹង​ការ​ប្តឹង​លោក ​សម​ រង្ស៊ី​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ, ក្រោយពីបញ្ចប់ការបំភ្លឺកញ្ញា ធី សុវណ្ណថា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការប្តឹងលោក សម រង្ស៊ី ទាមទារសំណងត្រូវបានផ្លាស់ប្តូរពី ២៥ម៉ឺនឡើងដល់ ៥០ម៉ឺនដុល្លារ។

កញ្ញា ធី សុវណ្ណថា បានបញ្ជាក់នៅព្រឹកថ្ងៃនេះយ៉ាងដូច្នេះ​ថា «ការប្តឹងទាមទារសំណងនេះបានផ្លាស់ប្តូរហើយ គឺពី២៥ម៉ឺន ដល់៥០ម៉ឺនដុល្លារ ដោយក្នុងពាក្យបណ្តឹងដាក់ទាមទារ២០០ពាន់រៀល, នៅពេលនេះការបំភ្លឺនៅអយ្យការ​បានចប់រួចរាល់ហើយ»។ កញ្ញា បានបញ្ជាក់ ប្រសិនបើបានសម្រេចនេះកញ្ញានឹងយកទៅអភិវឌ្ឍន៍តំបន់អារ៉ែង៕