(ក្រចេះ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិលធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក្រោមការសម្របសម្រួលដឹកនាំពីសំណាក់លោក ទី សុវណ្ណថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោក ធុច បច្ចៈសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានឆ្មក់ទៅបង្ក្រាបទីតាំងសង្វៀនជល់មានមួយកន្លែង ឃាត់ខ្លួនបានមេអាប៉ោងម្នាក់ និងអ្នកញៀនល្បែង៤នាក់ រឹបអូសបានរថយន្តមួយគ្រឿង ម៉ូតូ១៦គ្រឿង និងសំភារៈសម្រាប់មាន់ជល់មួយចំនួនទៀត។
ទីតាំងសង្វៀនជល់មានមួយកន្លែង ដែលត្រូវបានកម្លាំងនគរបាលជំនាញខេត្តក្រចេះ ធ្វើប្រតិបត្តិការបង្ក្រាបខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចត្បូងខ្លារ ស្ថិតក្នុងភូមិអូរកណ្តៀរថ្មី ឃុំអូរគ្រៀង ស្រុកសំបូរ។
លោក គុណ សុភ័ណ្ឌ នាយការិយាល័យព្រហ្មប្រទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ជាមួយនិងប្រតិបត្តិការទីតាំងខាងលើ គឺសមត្ថកិច្ចបានឆ្មក់ទៅបង្ក្រាប និងរឹបអូសបានរថយន្ត១គ្រឿង ម៉ូតូចំនួន១៦គ្រឿង មាន់៤ក្បាល និងសំភារៈសម្រាប់លេងអាប៉ោងមួយចំនួន ឃាត់ខ្លួនអ្នកញៀនល្បែងបាន៤នាក់ ក្នុងនេះមានមេអាប៉ោងម្នាក់ ហើយសមត្ថកិច្ចក៏បានធ្វើការរុះរើបំផ្លាញចោលនូវទីតាំងសង្វៀននោះផងដែរ។
លោកនាយការិយាល័យ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នទាំងម៉ូតូ រថយន្តនិងអ្នកញៀនល្បែងទាំង៤នាក់ គឺត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួន បណ្តោះអាសន្ននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីធ្វើការសាកសួរ និងកសាងសំនុំរឿងចាត់ការតាមនីតិវិធី។
ប្រជាពលរដ្ឋនៅឃុំអូរគ្រៀង បានបញ្ជាក់ឲ្យដឹងថា នៅចំណុចត្បូងខ្លារ ភូមិអូរកណ្តៀរថ្មី គឺមានលួចបើកសង្វៀនជល់មាន់ និងលេងបាញ់អាប៉ោងយូរមកហើយនោះ គឺមានអ្នកចូលទៅលេងច្រើនណាស់ ប៉ុន្តែគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ ទើបតែពេលនេះត្រូវកម្លាំងជំនាញ់ធ្វើបង្ក្រាប៕