(ភ្នំពេញ)៖ បន្ទាប់ពីលោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីមិច ដែលមានជម្លោះដីធ្លីយ៉ាងខ្លាំង ជាមួយប្រជាពលរដ្ឋ នៅទឹកដីខណ្ឌច្បារអំពៅ និងស្រុកពញាឮ ខេត្តកណ្តាលដ៏រ៉ាំរ៉ៃ បានប្រកាសចូលរួមដោះស្រាយ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះនោះ នៅថ្ងៃនេះរដ្ឋបាលខណ្ឌច្បារអំពៅ បានចេញមកសាទរយ៉ាងខ្លាំង និងត្រៀមរួចជាស្រេចហើយ ធ្វើការសម្របសម្រួល ជាមួយគណៈកម្មការចម្រុះ ក្រុមហ៊ុន និងប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ក្រៅពីមានជម្លោះជាមួយប្រជាពលរដ្ឋ នៅទឹកដីស្រុកពញាឮ ខេត្តកណ្តាល លោកស្រី ស៊ុយ សុផាន ក៏មានជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋ ជាង១០០គ្រួសារផងដែរ ស្ថិតនៅក្នុងភូមិស្វាយតាអុក និងភូមិវាលស្បូវ ខណ្ឌច្បារអំពៅផងដែរ មិនទាន់មានការដោះស្រាយចេញនៅឡើយទេ រហូតមកដល់ពេលនេះ ដោយមានការចោទប្រកាន់គ្នាទៅវិញទៅមក។
អភិបាលរងខណ្ឌច្បារអំពៅ ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា លោកសប្បាយចិត្តខ្លាំងណាស់ នៅពេលឮព័ត៌មានថា លោកស្រី ស៊ុយ សុផាន យល់ព្រមចេញមកដោះស្រាយជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងរកចំណុចឈ្នះទាំងអស់គ្នា កុំទុកឲ្យបញ្ហានេះរីកទៅមុខបន្តទៀត។
លោក ណុប ផា បានបញ្ជាក់ថា «យើងរីករាយណាស់ អាជ្ញាធរនឹងត្រៀមខ្លួនចូលរួមដោះស្រាយ ជាមួយក្រុមគណៈកម្មការចំរុះរបស់ក្រសួង ក្រុមហ៊ុន និងប្រជាពលរដ្ឋ។ ខ្ញុំត្រេតអរណាស់ដែលលោកស្រី ស៊ុយ សុផាន ចូលរួមដោះស្រាយដោយសន្តិវិធី គ្មានអ្នកឈ្នះគ្មានអ្នកចាញ់»។ តំណាងក្រុមហ៊ុន បានលើកជាឧទាហរណ៍ថា «យាយវណ្ណា នៅភូមិស្វាយតាអុក និងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដែលគាត់មានដីបង្ហាញតាមប័ណ្ណកម្មសិទ្ឋិ (PV) ចំនួន៣០០០ម៉ែត្រ នៅទីតាំងផ្សេង ប៉ុន្តែគាត់មិនទៅយកដីកម្មសិទ្ធិគាត់ទេ បែរជាមកចង្អុលយកដី របស់ក្រុមហ៊ុនទៅវិញ ហើយលោក អ៊ុក បូរ៉ា ក៏ចឹងដែរគាត់មានដីតាម ប័ណ្ណកម្មសិទ្ឋិ (PV) ២,៨៨ហិកតា នៅកន្លែងផ្សេង ប៉ុន្តែគាត់មិនទៅយកដីកម្មសិទ្ធិគាត់ទេ បែរជាមកចង្អុលយកដី របស់ក្រុមហ៊ុនទៅវិញ»។
កាលពីពេលថ្មីៗនេះ អាជ្ញាធរខណ្ឌច្បារអំពៅ ក៏បានបើកកិច្ចប្រជុំផងដែរ ដើម្បីដោះស្រាយជម្លោះដីធ្លីរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលល្អ។
តំណាងក្រុមហ៊ុនលោកស្រី ស៊ុយ សុផាន បានចេញមកទទួលយកការដោះស្រាយរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ចំពោះបញ្ហាដីធ្លីនៅភូមិស្វាយតាអុក និងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងទីតាំងផ្សេងទៀត។ ពាក់ព័ន្ឋនឹងបញ្ហាដី ភូមិស្វាយតាអុក និងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ តំណាងក្រុមហ៊ុន ធ្លាប់បានប្រាប់ទៅអាជ្ញាធរថា «ក្រុមហ៊ុនបានទិញដីពីប្រជាជន ដោយមានឯកសារទិញ លក់ ត្រឹមត្រូវតាមផ្លូវច្បាប់ និងផ្ទេរកម្មសិទ្ឋិច្បាស់លាស់ ហើយក្រុមហ៊ុនកំពុងរៀបចំឯកសារ ដាក់ជូនក្រសួងពិនិត្យតាមភាពជាក់ស្តែង ដើម្បីចូលរួមបំបាត់បញ្ហាទំនាស់ដីធ្លី ដែលមនុស្សមួយចំនួន ចេះតែលើកឡើង ចោទប្រកាន់ក្រុមហ៊ុន ដោយគ្មានអំណេះអំណាងពិតប្រាកដ»។
ដោយឡែក ប្រជាពលរដ្ឋវិញ ក៏បានចេញមកចោទប្រកាន់ក្រុមហ៊ុនផងដែរថា បានរំលោភយកដីរបស់ខ្លួន និងគ្មានដំណោះស្រាយ តែយ៉ាងណានោះ ភាគីទាំងអស់នឹងចូលរួមដោះស្រាយជម្លោះនេះ ដែលអាចឈានទៅដល់ការស្វែងរកចំណុចឈ្នះទាំងអស់គ្នា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយល់ព្រមឲ្យកោះហៅ លោកស្រីឧកញ៉ា ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច ចូលខ្លួនដោះស្រាយបញ្ហាជម្លោះដីធ្លី ជាមួយប្រជាពលរដ្ឋ និងជាមួយអាជ្ញាធរពាក់ព័ន្ធ តាមសំណើរបស់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
រាជរដ្ឋាភិបាលក៏បានបញ្ជាក់ដែរថា រដ្ឋបាលសុរិយោដីត្រូវផ្អាកការចុះបញ្ជីដីធ្លី ឬធ្វើការផ្ទេរសិទ្ធិដីធ្លីទាំងឡាយណា ដែលមិនទាន់ដោះស្រាយរួចរាល់ផងដែរ ដើម្បីចៀសវាងធ្វើឲ្យមានវិវាទ កាន់តែរីករាលដាលតទៅទៀត។
ជាមួយគ្នានោះ ក្រសួងរៀបចំដែនដី ក៏បានបញ្ជាក់ដែរថា ក្រសួងនឹងធ្វើការដោះស្រាយ លើករណីវិវាទដីធ្លី ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ និងស្រុកពញាឮ ខេត្តកណ្តាល រវាងលោកស្រី ស៊ុយ សុផាន និងប្រជាពលរដ្ឋចំនួន ៥៥៤គ្រួសារផងដែរ ហើយបានអំពាវនាវដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋពាក់ព័ន្ធ ត្រូវចូលរួមសហការក្នុងកិច្ចការនេះឲ្យបានផុសផុល៕