(ភ្នំពេញ)៖ យុវជនមកពីស្រុកពារាំង ស្រុកពោធិ៍រៀង និងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងចំនួនជាង៣០០នាក់ បានមកធ្វើទស្សនកិច្ចសិក្សា នៅសាលាក្តីខ្មែរក្រហម និងនៅសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងបឹងជើងឯក នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧​ ដើម្បីស្វែងយល់ពីដំណើរការការជំនុំជម្រះក្តី លើឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។

មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមលោក នេត្រ ភក្ត្រា បានស្វាគមន៍ និងបានធ្វើបទបង្ហាញស្តីពីប្រវត្តិ នៃការកកើតតុលាការ ខ្មែរក្រហម និងការវិវឌ្ឍថ្មីៗរបស់តុលាការនេះជូនដល់យុវជនទាំងនេះ។

លោក នេត្រ ភក្ត្រា បានលើកឡើងពីសារៈសំខាន់ នៃការបង្កើតសាលាក្តីខ្មែរក្រហម គឺដើម្បីស្វែងរកការពិត និងយុត្តិធម៌ជូនដល់ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម និងជនរងគ្រោះ ដែលកំពុងរស់រានមានជីវិតនៅឡើយក៏ដូចជាផ្តល់ យុត្តិធម៌ជូនមនុស្សជាតិទាំងមូល។

ការជំនុំជម្រះក្តីនេះដើម្បីពង្រឹងការចងចាំលើរឿងរ៉ាវលើឧក្រិដ្ឋកម្ម នៅក្នុងរបបខ្មែរក្រហម និងចៀសឱ្យផុតពីអំពើឧក្រិដ្ឋកម្មនិង ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា។ សាលាក្តីខ្មែរ ក្រហមនេះក៏ដើរតួនាទីសំខាន់ក្នុងការផ្សះផ្សាជាតិផងដែរ ដែលតុលាការនេះមិន ជំនុំជម្រះក្តីលើគ្រប់អតីតខ្មែរក្រហមទាំងអស់ឡើយ គឺជំនុំជម្រះក្តីតែទៅលើអតីតមេ ដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវ ខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប្រព្រឹត្តចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

បន្ទាប់ពីទទួលបានការថ្លែងពន្យល់របស់មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម និងការចោទសំណួរផ្សេងយុវជនខេត្តព្រៃវែង បានថ្លែងថាពួកគាត់បានទទួលនូវចំណេះដឹង និងព័ត៌មានថ្មីៗបន្ថែមទៀតទាក់ទងនឹង ការជំនុំជម្រះក្តីខ្មែរក្រហម ជាពិសេសបានដឹងច្បាស់អំពីមូលហេតុមួយចំនួន នៃការជម្លៀសប្រជាជនដោយ
បង្ខំ នៅពេលខ្មែរក្រហមឡើងកាន់អំណាច និងការធ្វើទុកបុកម្នេញ និងអំពើអមនុស្សធម៌ជាច្រើនទៀត ដែលក្រុមខ្មែរក្រហម បានធ្វើមកលើប្រជាជនកម្ពុជាអំឡុងពេលនៃការដឹកនាំប្រទេសរបស់ខ្លួន។

យុវជនទាំងនេះបានថ្លែងថាខ្លួនមិនចង់ឱ្យមានរបបខ្មែរក្រហមកើតឡើង សាជាថ្មីនៅលើទឹកដីកម្ពុជាទៀតទេព្រោះ មានការលំបាក ហើយប្អូនៗបានលើកឡើងថាសាលារៀប វត្តអារាម សាសនា ប្រពៃណីទំនៀមទម្លាប់ត្រូវ បានខ្មែរក្រហមបំបាត់ចោល និងធ្វើឱ្យពលរដ្ឋជាច្រើនលាននាក់ស្លាប់បាត់បង់ជីវិត ដោយសារតែការធ្វើទារុណកម្ម អត់អាហារ ធ្វើការងារហួសកម្លាំង គ្មានថ្នាំសង្កូវព្យាបាល។

មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម ក៏បានចែកជូនសៀវភៅសាលក្រម និងសាលដីកាលើសំណុំរឿង ០០២/០១ជូនដល់ តំណាងយុវជនមកពីស្រុកទាំងបីនៃខេត្តព្រៃវែងផងដែរដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ការសិក្សានិងស្រាវជ្រាវលើ ឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម។ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា យុវជនមកពីខេត្តព្រៃវែងចំនួន១៥០០នាក់ នឹងមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ នៅសាលាក្តីខ្មែរក្រហម នៅខែកុម្ភៈ ឆ្នាំ២០១៧នេះ។ លោកបានគូសបញ្ជាក់ថា ការសិក្សាការចងចាំ និងយល់ដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួន គឺមានភាពចាំបាច់ណាស់សម្រាប់ពលរដ្ឋកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ៕