(ភ្នំពេញ)៖ លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានផ្តល់អំណោយជាសម្ភារវេជ្ជសាស្រ្ត ចំនួន១៧ប្រភេទ ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួមទាំងចុះសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនទៀត ដល់អ្នកជំងឺ ដែលកំពុងស្នាក់នៅ មន្ទីរពេទ្យនេះផងដែរ។
លោក ឧកញ៉ា ម៉ុង ឫទ្ធី បានថ្លែងថា «សម្ភារទាំងអស់ ដែលខ្ញុំបានប្រគល់ជូនដល់មន្ទីរពេទ្យរុស្ស៊ីនៅថ្ងៃនេះ ដើម្បីចូលរួមចំណែកមួយផ្នែកតូច ក្នុងជួយដល់ប្រជាពលរដ្ឋ ដែលមកពិនិត្យព្យាលបាលនៅមន្ទីរពេទ្យនេះ ពិសេស ការពិនិត្យព្យាបាលប្រជាពលរដ្ឋយើងដោយមិនគិតថ្លៃកន្លងមក ដែលឃើញថាមន្ទីរពេទ្យនេះ បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង តាំងពីបាតដៃទទេ ក្រោយពីឆ្នាំ១៩៧៩មក មកដល់បច្ចុប្បន្ននេះ ដែលបានបម្រើព្យាបាល ប្រជាជនយើង ដោយមិនរើសមុខបានយ៉ាងល្អ» ។
លោកបណ្ឌិតបន្ដថា «ដូច្នេះហើយក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូប ខ្ញុំនឹងបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសូមជំនួយពីក្រៅប្រទេស មកជួយប្រជាពលរដ្ឋយើងថែមទៀត ហើយសម្រាប់សម្ភារ ឧបករណ៍ ដែលផ្ដល់ជូនមន្ទីរពេទ្យរុស្ស៊ីក្នុងថ្ងៃនេះ គឺសុទ្ធតែផលិតនៅសហរដ្ឋអាមេរិកទាំងអស់ ដែលសង្ឃឹមថា នឹងអាចចូលរួមចំណែកមួយផ្នែកតូច ជួួយដល់ប្រជាពលរដ្ឋ ដែលមកព្យាបាលនៅទីនេះ»។
ទន្ទឹមនឹងពេលនោះផងដែរ លោកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានថ្លែងអំណរគុណគ្រូលោកពេទ្យ អ្នកគ្រូពេទ្យ នៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ជំនួសប្រជាជនក្រីក្រ ដែលបានមកព្យាបាលកន្លងមក ដែលបានបម្រើសេវាកម្មដ៏ល្អបំផុត ទោះបីមិនពេញចិត្ដមនុស្សមួយភាគតូចក៏ដោយ តែមានមនុស្សលើស៩០ភាគរយ ដែលពេញចិត្ដលើសេវារបស់មន្ទីរពេទ្យរនេះ ។
ព្រមជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ក៏បានថ្លែងអំណរគុណ ដល់លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលបានផ្ដល់នូវអំណោយជាសម្ភារ ចូលរួមចំណែកយ៉ាងច្រើន ឲ្យលោកគ្រូពេទ្យអ្នកគ្រូពេទ្យ មានសម្ភារគ្រប់គ្រាន់ ក្នុងការផ្ដល់សេវាកម្ម ជូនប្រជាពលរដ្ឋ ដែលមកពិនិត្យព្យាបាលនៅក្នុងមន្ទីររបស់យើងនេះ កាន់តែភាពប្រសើរមួយកម្រិតទៀត៕