(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានជំរុញសាមីខ្លួន ក្នុងសំឡេងខ្សែអាត់ ដែលបែកធ្លាយតាមបណ្តាញសង្គម Facebook ចេញមុខបកស្រាយ និងប្តឹងទៅសមត្ថកិច្ច ដើម្បីស្វែងរកការពិត កុំឱ្យរឿងនេះកាន់តែអូសអន្លាយតទៅទៀត។
លោក សុខ ឥសាន បានថ្លែងបែបនេះ បន្ទាប់ពីមានសំឡេងសន្ទនាស្នេហាតាមទូរស័ព្ទជាច្រើន របស់តំណាងរាស្រ្ត និងមេគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ត្រូវបានបែកធ្លាយតាមទំព័រ Facebook មួយឈ្មោះ «សីហា» ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ចុះផ្សាយជាបន្តបន្ទាប់។
លោក សុខ ឥសាន បានថ្លែងថា «ចង់បានការពិត និងច្បាស់លាស់លុះត្រាតែសាមីជន ដែលមានឈ្មោះក្នុងវីដេអូឃ្លីបនោះ ក្លាហានហ៊ានចេញមុខមកដាក់ពាក្យ ជាផ្លូវការប្តឹងសុំអន្តរាគមន៍ពីស្ថាប័នមានសមត្ថកិច្ច និងតុលាការ ដើម្បីបើការស៊ើបអង្កេតតាមបច្ចេកទេសទៅ នោះនឹងរកការពិតឃើញជាក់ស្តែងជាមិនខាន តើសាម៉ីជនពាក់ព័ន្ធបានប្រព្រឹត្តមែន ឬអត់»។
លោកបានបន្ថែមថា «ចំណែកអ្នកដែលលួចថតសម្លេងគេ ត្រូវទទួលទោសតាមច្បាប់ជាធរមាន នោះទើបរកឃើញការពិត មិនអាចប្រកែកបាន ហើយការ បកស្រាយតាមការយល់ឃើញ និងតាមនិន្នាការនយោបាយ លាបព៌ណគ្នា វាយប្រហារគ្នា នឹងត្រូវបញ្ចប់។ ផ្ទុយទៅវិញ បើសាម៉ីជនពាក់ពន្ធ នៅតែសម្ងំស្ងៀម មិនហ៊ានចេញមុខប្តឹងរកការពិតទេ បញ្ហានឹងនៅតែជាបញ្ហាដដែល នៅតែបន្តបើអូសបន្លាយវានឹងនាំដល់ការប្រទូសរ៉ាយនៅក្នុង សង្គមជាតិកាន់តែ ធំជាក់ជាមិនខាន»។
កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញនេះ ទំព័រ Facebook ឈ្មោះ «សីហា» បានទម្លាយនូវសំឡេងឆ្លើយឆ្លងស្នេហារវាង លោក សម រង្ស៊ី និង នារីវ័យក្មេងម្នាក់។ Facebook ឈ្មោះ «សីហា» បានសរសេរដាក់ចំណងជើងថា៖ «ផ្ទុះរឿងអាស្រូវដល់មេដំបូលបក្សសង្គ្រោះជាតិ៖ លោក សម រង្ស៊ី សេពកាមជាមួយនារីបំរើការក្នុងភោជនីយដ្ឋានម្ហូបអឺរ៉ុប! វគ្គ១»។
កាលពីពេលថ្មីកន្លងទៅ ទំព័រ Facebook ឈ្មោះ «សីហា» នេះ ក៏បានទម្លាញសំឡេងសន្ទនាស្នេហាដ៏ព្រឺព្រួច តាមទូរស័ព្ទរបស់តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិមួយចំនួន ដូចជា លោក យ៉ែម បុញ្ញឫទ្ធិ លោក ហូ វ៉ាន់ លោក រៀល ខេមរិន្ទ និង លោក ឡុង រី ជាដើម៕