(ភ្នំពេញ)៖ តំណាងប្រជាពុទ្ធបរិស័ទរស់នៅភូមិត្រពាំងថ្លឹង ភូមិថ្មគោល និងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានលើកគ្នាមកតវ៉ាដល់មុខក្រសួងធម្មការ និងសាសនា ដើម្បីចង់សួរនាំរឿងពាក្យបណ្តឹងដាក់ជូនក្រសួងចំនួន៥ដងមកហើយ ករណីសុំទាមទារឲ្យមានផ្លាស់ប្តូរ ព្រះចៅអធិការវត្តគោកបញ្ជាន់ និងគណៈកម្មការវត្ត អាចារ្យ ដែលមិនទាន់ទទួលបានដោះស្រាយ។
តំណាងពុទ្ធបរិស័ទបានថ្លែងថា ករណីផ្ទុះអធិករណ៍នៅវត្តគោកបញ្ជាន់ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានចេញលិខិតឲ្យលោក រ័ត្ន វ៉ាធីណូ រដ្ឋលេខាធិការ ដឹកនាំមន្ត្រីចុះទៅធ្វើការដោះស្រាយ ប៉ុន្តែរហូតមកដល់ពេលនេះដំណោះស្រាយនៅមិនទាន់ចេញនោះទេ។
សូមរំលឹកថា កន្លងមកពុទ្ធបរិស័ទចំណុះជើង វត្តគោកបញ្ជាន់ បានដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ទាមទារ ឲ្យផ្លាស់ប្ដូរព្រះចៅអធិការវត្ត និងគណៈកម្មការអាចារ្យវត្ត ហើយបោះឆ្នោតជ្រើសរើសព្រះចៅអធិការវត្ត និងគណៈកម្មការ អាចារ្យវត្តថ្មី ដោយសារតែព្រះចៅអធិការ និងគណៈកម្មការ អាចារ្យវត្ត មានការជាប់ពាក់ព័ន្ធ ការលក់ដីវត្ត និងលក់ដីស្រះក្បែវត្ត ធ្វើឲ្យមានការតវ៉ាពីប្រជាពលរដ្ឋយ៉ាងខ្លាំងក្លា។ តែរហូតមកដល់ពេលនេះ ច្រើនខែដែរហើយ មិនទាន់ឃើញមានការដោះស្រាយ តាមរូបភាពណាមួយ ដែលអាចឲ្យប្រជាពលរដ្ឋជឿទុកចិត្តបានឡើយ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ឲ្យចុះស្រាវជ្រាវអំពីការប្រើប្រាស់ថវិកា បានមកពីការលក់ដីវត្ត យកទៅចំណាយលើអ្វីខ្លះ? ប៉ុន្តែប៉ុន្មានខែមកនេះ មិនឃើញមានស្ថាប័នពាក់ព័ន្ធណាមួយ ចុះទៅធ្វើការសោះស្រាយជាមួយ និងសំណូមពររបស់ប្រជាពលរដ្ផឡើយ។
យ៉ាងណាក៏ដោយអង្គភាព Fresh News មិនទាន់អាចសុំការបកស្រាយពីព្រះចៅអធិការវត្ត និងគណៈកម្មការវត្តបាននៅឡើយទេ ចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋទាំងនេះ៕