(ភ្នំពេញ​)៖ បន្ទាប់ពីកញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនដើម្បីសង្គម អម​ដំណើរ​ដោយ​លោក​មេធាវី​ លី​ ច័ន្ទ​តុលា បានចូលទៅបំភ្លឺអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ព្រឹកនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ពាក់ព័ន្ធនឹង​ការ​ប្តឹង​លោក ​សម​ រង្ស៊ី​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​​រួចរាល់ហើយ, កញ្ញា ធី សុវណ្ណថា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចថា ការប្តឹងលោក សម រង្ស៊ី ទាមទារសំណងត្រូវបានផ្លាស់ប្តូរពី ២៥ម៉ឺនឡើងដល់ ៥០ម៉ឺនដុល្លារ។  

កញ្ញា ធី សុវណ្ណថា បានបញ្ជាក់នៅព្រឹកថ្ងៃនេះយ៉ាងដូច្នេះ​ថា «ការប្តឹងទាមទារសំណងនេះបានផ្លាស់ប្តូរហើយ គឺពី២៥ម៉ឺន ដល់៥០ម៉ឺនដុល្លារ ដោយក្នុងពាក្យបណ្តឹងដាក់ទាមទារ២០០ពាន់រៀល, នៅពេលនេះការបំភ្លឺនៅអយ្យការ​បានចប់រួចរាល់ហើយ»។ កញ្ញា បានបញ្ជាក់ ប្រសិនបើបានសម្រេចនេះកញ្ញានឹងយកទៅអភិវឌ្ឍន៍តំបន់អារ៉ែង។

សូមជំរាបថា កញ្ញា​ ធី​ សុវណ្ណថា​ បាន​ប្តឹង​​លោក ​សម​ រង្ស៊ី​ ដោយ​ភ្ជាប់​យក​ករណី​ដែល​លោក ​សម​ រង្ស៊ី​ ចោទប្រកាន់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថា ​បាន​សូក​ប្រាក់ ​កញ្ញា​ ធី​ សុវណ្ណថា​ ចំនួន​១លាន​ដុល្លារ​អាមេរិក ឱ្យរូបនាងធ្វើសកម្មភាព ប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ។​ ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ​ ទើប​កញ្ញា​ ធី​ សុវណ្ណថា​ បានប្តឹង​ទៅ​តុលាការ​ឲ្យ​ជួយ​រក​យុត្តិធម៌​ និង​ ផ្តន្ទា​ទោស​លោក​ សម​ រង្ស៊ី​ តាម​ច្បាប់​។

កន្លង​មក​ក​ញ្ញា​ធី​ សុវណ្ណថា​ បញ្ជាក់​ថា​ ក្នុង​ឱកាស​ជំនួប​សំណេះសំណាល​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំង​ កាលពី​ថ្ងៃទី​១៤​ ខែ​មករា​ ឆ្នាំ​២០១៧​ លោក​ សម​ រង្ស៊ី​ បាន​និយាយ​ថា​ សម្តេច​តេជោ​សូក​ប្រាក់​កញ្ញា​ធី​ សុវណ្ណថា​ ចំនួន​១លាន​ដុល្លារអាមេរិក​....។ កញ្ញា ធី​ សុវណ្ណថា​ ចាត់​ទុកថា​ ការ​លើកឡើង​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​នេះ​ គឺ​ជា​ការ​ចោទប្រកាន់​មួល​បង្កាច់​ ជា​ការ​អះអាង​ដោយ​បំផ្លើស​និង​ជា​ការ​ទម្លាក់​កំហុស​ដោយ​អសុច្ចរិត​ ហើយ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​កិត្តិយស​កេរ្តិ៍​ឈ្មោះ​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ កញ្ញា​ ធី​ សុវណ្ណថា​។

លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធនឹងការចោទប្រកាន់ញុះញង់វាយប្រហារ លើឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ថា ជាមេគុកបឹងត្របែក ហើយប្រធានបក្សប្រឆាំងរូបនេះ ក៏ត្រូវបានតុលាការកាត់ទោស ឱ្យជាប់ពន្ធនាគារ៥ឆ្នាំថែមទៀត កាលពីចុងខែធ្នូ ឆ្នាំ២០១៦ ពាក់ព័ន្ធ នឹងករណីក្លែងឯកសារព្រំដែនកម្ពុជា-វៀតណាម។ ក្រៅពីនោះ លោក សម រង្ស៊ី ក៏កំពុងជាប់ពាក់ព័ន្ធនឹងបណ្តឹង នៅតុលាការច្រើនថែមទៀត ដែលមិនទាន់ កាត់ទោស ដែលភាគច្រើនជាបណ្តឹង បរិហារកេរ្តិ៍ជាសាធារណៈ៕