(កំពង់ធំ)៖ លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរំលឹកមន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ធំឲ្យរួមគ្នាធ្វើការ, ចេះអភិវឌ្ឍន៍ខ្លួនឯងដោយមានភាពទទួលខុសត្រូវ ប្រសិនមានបញ្ហាត្រូវមានការជជែកគ្នា មិនមែនគេចចេញពីគ្នានោះទេ។

បន្ថែមពីនេះ លោក ខៀវ កញារីទ្ធ បានជំរុញឲ្យ មន្ត្រីត្រូវខិតខំរៀនសូត្រប្រើប្រាស់ផ្ញើរព័ត៌មានតាមប្រព័ន្ធព័ត៌មានវិទ្យា ស្មាតហ្វូន ឲ្យបានលឿនទាន់ពេលវេលា ជាក់លាក់ត្រឹមត្រូវពិតប្រាកដ ព្រោះនៅក្នុងទស្សន៍វត្សទី២១នេះ ប្រព័ន្ធបច្ចេកវិទ្យាមានការវិវឌ្ឍន៍ ឆាប់រហ័សបំផុត។

លោកបានបន្តទៀតថា "ការសរសេរព័ត៌មានត្រូវចេះចាប់មុំក្នុង​ការសរសេរ​ដើម្បីទាក់ទាញ អ្នកមើលនិងអ្នកស្តាប់​មានការចាប់អារម្មណ៍"

ការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងខណៈ លោក និងក្រុមការងារ បាន ជួបសំណេះសំណាលជាមួយមន្ត្រី មន្ទីរព័ត៌មានខេត្តកំពង់ធំ និងចុះពិនិត្យទីកន្លែងការផ្សាយវិទ្យុនិងទូរទស្សន៍​ដើម្បីផ្តល់នូវបច្ចេកទេសមួយចំនួន នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៕