(ព្រះវិហារ)៖ ជនសង្ស័យ៦នាក់ ក្នុងនោះមានម្នាក់ជាទាហ៊ានបម្រើការ នៅអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ ចែកចាយគ្រឿងញៀន។
ការឃាត់ខ្លួនជនទាំង៦នាក់នេះ ធ្វើឡើងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិឈើទាលគង ឃុំជាំក្សាន្ត និងភូមិត្រពាំងសង្កែ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មន្ត្រីអាវុធហត្ថស្រុកជាំក្សាន្តបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការអាវុធហត្ថស្រុក បានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀន នៅចំណុចភូមិឈើទាលគង ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ រួមនឹងថ្នាំញៀនម្សៅក្រាមពណ៌ស ចំនួន៣កញ្ចប់ធំ និង៨កញ្ចប់តូច។
ក្រោយពីការសួរនាំរកប្រភពដែលទិញថ្នាំញៀនមកពីណា ជនសង្ស័យបានប្រាប់ពីកន្លែងដែលពួកគេទិញ សមត្ថកិច្ចក៏បានបន្តចុះទៅដល់ផ្ទះជនសង្យ័យ ក៏បានឃាត់ខ្លួនបានចំនួន៣នាក់ទៀត រួមនឹងវត្ថុតាងថ្នាំញៀនម្សៅក្រាមពណ៌ស ២កញ្ចន់ធំផងដែរ។
ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ មានម្នាក់ជាយោធានៅកងពលធំអន្តរាគមន៍លេខ៣ ផងដែរ។ ក្រោយការសាកសួររួចសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់កងរាជអាវុធខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕