(ភ្នំពេញ)៖ ជញ្ជាំងផ្ទះពីល្វែង ត្រូវបានបុរសម្នាក់ បើករថយន្ត TACOMA បុករះរងការបាក់រប៉ាត់រប៉ាយ តែសំណាងមិនមានអ្នករងរបួស ដែលហេតុការណ៍នេះ កើតឡើងនៅម៉ោង១២៖១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវលំ ភូមិដំណាក់ធំ៤ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
អ្នកដែលរស់នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមនុស្ស៣នាក់ ជិះ និងបើករថយន្តមួយគ្រឿង ម៉ាក Toyota Tacoma ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AT-2474 បើកពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បត់ឆ្វេងដោយបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករះផ្ទះជួសជុលម៉ូតូ និងផ្ទះបែកផាត់មុខធ្វើសក់ រងការខូចខាតបាក់ជញ្ជាំងពេញមុខផ្ទះ ហើយរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវទេ ព្យាយាមបើករត់ទាំងបែកកង់មុខខាងឆ្វេង ប្រមាណជា៥០ម៉ែត្រ ទើបឈប់រថយន្ត រួចបើកទ្វារគេចខ្លួនបាត់ បន្សល់ទុករថយន្តចោលតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងបានទាក់ទងហៅមន្ត្រីជំនាញខណ្ឌ ចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅអធិការដ្ឋានខណ្ឌមានជ័យ រង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយទៅតាមផ្លូវច្បាប់៕