(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បានប្រារព្ធខួប៨ឆ្នាំរបស់ខ្លួន ជាមួយនឹងការឈ្នះពានរង្វាន់ មួយទៀត គឺពានរង្វាន់បណ្តាញទូរស័ព្ទចល័តលឿនជាងគេនៅកម្ពុជា ពីស្ថាប័ន Ookla ខណៈក្រុមហ៊ុនបន្តផ្តល់សេវាអ៊ិនធឺណិតចល័តល្អបំផុត ក្នុងតម្លៃសមរម្យ ទៅដល់ប្រជាជនកម្ពុជាកាន់តែច្រើន ។
ពានរង្វាន់ Speed test ២០១៦ ដែលផ្តល់ជូនដោយស្ថាប័ន Ookla គឺជាពានរង្វាន់ចុងក្រោយគេ ក្នុងចំណោមពានរង្វាន់ជាច្រើនដែលក្រុមហ៊ុន Smart បានឈ្នះកាលពីឆ្នាំកន្លងទៅ ។ក្រុមហ៊ុនបានឈ្នះពានរង្វាន់ «ក្រុមហ៊ុនទូរគមនាគមន៍ចល័តល្អបំផុតនៅកម្ពុជា ឆ្នាំ២០១៦» ពីស្ថាប័នស្រាវជ្រាវទីផ្សារ Frost & Sullivan និងបានឈ្នះពានរង្វាន់ «គម្រោងសហគមន៍ល្អបំផុត» ពីស្ថាប័ន Telecom Asia សម្រាប់ការចូលរួមរបស់ខ្លួន នៅក្នុងយុទ្ធនាការអក្ខរកម្មជាតិ របស់ប្រទេសកម្ពុជា ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូ ។
ក្រុមហ៊ុនក៏ត្រូវបានជ្រើសរើសដោយស្ថាប័ន Global Banking និង Finance Review សម្រាប់ពានរង្វាន់ «ក្រុមហ៊ុនទូរគមនាគមន៍ល្អជាងគេ» និង «ក្រុមហ៊ុនដែលមានទំនួលខុសត្រូវសង្គមល្អជាងគេ» រយៈពេលពីរឆ្នាំជាប់គ្នា គឺឆ្នាំ២០១៥ និងឆ្នាំ២០១៦ ផងដែរ ។សម្រាប់ពានរង្វាន់ចុងក្រោយបំផុត ពីស្ថាប័ន Ookla នេះ ដែលជាស្ថាប័នឈានមុខគេនៅលើពិភពលោក ក្នុងការធ្វើតេស្តល្បឿនអ៊ិនធឺណិតសម្រេចបាន ក៏ដោយសារក្រុមហ៊ុនបានធ្វើការវិនិយោគថ្មីៗ បន្ថែមទៀតទៅលើបច្ចេកវិទ្យាទំនើប ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រោមចក្ខុវិស័យបន្តអភិវឌ្ឍផ្នែកទិន្នន័យអ៊ិនធឺណិត និងដើម្បីក្លាយជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតចល័តល្បឿនលឿនបំផុតនៅកម្ពុជា ។
ស្ថាប័ន Ookla ជាម្ចាស់គេហទំព័រ speedtest.net ដែលជាគេហទំព័រស្តង់ដារសម្រាប់ការវាស់ល្បឿនអ៊ិនធឺណិត ទាំងបណ្តាញអ៊ិនធឺណិតចល័ត និងអចល័ត ហើយ Smart ជាក្រុមហ៊ុនទូរគមនាគមន៍ចល័តដំបូងគេ ដែលពាំនាំបច្ចេកវិទ្យា 4G LTE ពិតប្រាកដដល់ប្រជាជនកម្ពុជាកាលពីឆ្នាំ២០១៤ ដែលបច្ចុប្បន្ននេះ ស្ថានីយ៍ជាង ៦៥% នៅទូទាំង២៥ខេត្ត-ក្រុង ត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យា 4G ដែលផ្តល់ជូននូវអ៊ិនធឺណិត ដែលមានល្បឿនលឿនជាងគេនៅកម្ពុជា។ (បន្ថែមពីនេះ ១០០% នៃស្ថានីយ៍របស់ Smart មានបំពាក់ប្រព័ន្ធ 3G រួចរាល់ហើយ) ។
ក្រោយមកទៀត Smart ជាក្រុមហ៊ុនដំបូងគេ ដែលបានអភិវឌ្ឍបណ្តាញ 4G LTE របស់ខ្លួនទៅជា 4G+ នៅក្នុងខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ដោយបានពង្រីកស្ពិចត្រូម 4G របស់ខ្លួន មានន័យថា អតិថិជនអាចទទួលបានអ៊ិនធឺណិត កាន់តែលឿនជាងមុន។ ក្រោមការប្តេជ្ញាចិត្ត បន្តលើកកម្ពស់បទពិសោធន៍ប្រើប្រាស់អ៊ិនធឺណិត សម្រាប់អតិថិជនរបស់ខ្លួន ឥឡូវនេះ ក្រុមហ៊ុន Smart បាននិងកំពុងដាក់ចេញនូវបច្ចេកវិទ្យា 4G VoLTE (Voice Over Long Term Evolution) ដើម្បីផ្ដល់ជូន អ្នកប្រើប្រាស់នូវបទពិសោធន៍ 4G កាន់តែអស្ចារ្យ ដែលបច្ចេកវិទ្យានេះ នឹងភ្ជាប់ការហៅទូរស័ព្ទទៅកាន់អ្នកដ៏ទៃបានលឿនជាងមុន និងជួយអោយសម្លេងនៃការហៅទូរស័ព្ទច្បាស់ជាងមុន ។
ពិេសសអ្នកប្រើប្រាស់ទូរស័ព្ទដូចជា Samsung Galaxy S7 / S7 Edge, Huawei P9 Plus, Huawei GR5 និង iPhone 6, 6s ឬ 7 អាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះ ដែលនឹងផ្តល់ជូនប្រជាជនកម្ពុជានូវការហៅទូរស័ព្ទកាន់តែលឿន បទពិសោធន៍ហៅទូរស័ព្ទឥតអាក់ និងមានគុណភាព HD voice នៅពេលប្រើប្រាស់បណ្តាញ 4G+ LTE កម្រិតខ្ពស់របស់ក្រុមហ៊ុន Smart ។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានឲ្យដឹងថា «យើងកំពុងស្ថិតនៅក្នុងពេលវេលាមួយដ៏អស្ចារ្យ ក្នុងបដិវដ្ត បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដែលសេវាអ៊ិនធឺណិតចល័តល្បឿនលឿន និងគុណភាពខ្ពស់ មានទៅដល់ដៃអតិថិជន នៅទូទាំងកម្ពុជា ក្នុងតម្លៃមួយ ដែលសមរម្យបំផុត ។ ពានរង្វាន់ថ្មីបំផុតនេះពីស្ថាប័ន Ookla ជាការសបញ្ជាក់ នូវការវិនិយោគជាបន្តបន្ទាប់របស់យើង នៅក្នុងវិស័យទូរគមនាគមន៍ចល័ត ដែលយើងបាននឹងកំពុងធ្វើអស់រយៈពេល៨ឆ្នាំមកហើយ ខណៈអភិវឌ្ឍម៉ាកយីហោ Smart ទៅជាម៉ាកយីហោនៃរបត់ជីវិតឌីជីថល តាមរយៈ ការបន្តអភិវឌ្ឍប្រព័ន្ធ 4G LTE ក្នុងនាមជាដៃគូផ្តាច់មុខជាមួយក្រុមហ៊ុនផលិតទូរស័ព្ទ និងផ្គត់ផ្គង់មាតិកាឈានមុខគេ ព្រមទាំងការបង្កើតសេវាកម្មឌីជីថលថ្មីៗ»។
លោកបានបន្ថែមទៀតថា «ក្នុងនាមជាដៃគូអភិវឌ្ឍន៍ ដ៏សំខាន់មួយរបស់កម្ពុជា យើងផ្តោតលើការវិនិយោគ និងការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធជាសំខាន់ ព្រោះយើងដឹងថា មានសក្តានុពលដ៏ធំធេងក្នុងការបង្កើតសេដ្ឋកិច្ចឌីជីថលមួយ ប្រកបដោយនិរន្តរភាពនៅកម្ពុជា ហើយវាស្របតាមចក្ខុវិស័យ នៃរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុន Smart បានវិនិយោគជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា តួយ៉ាង ក្នុងឆ្នាំ២០១៦ យើងបានបណ្តាក់ទុនបន្ថែម ៧៥លានដុល្លារ ដើម្បីពង្រីកបណ្តាញ 4G របស់យើង ហើយយើងគ្រោងនឹងធ្វើការវិនិយោគ ៨០លានដុល្លារបន្ថែមទៀតនៅក្នុងឆ្នាំ២០១៧ ស្របតាមអាទិភាព និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ក្នុងការផ្តល់នូវសេវាអ៊ិនធឺណិតចល័តល្បឿនលឿនបំផុត និងបណ្តាញគ្របដណ្តប់ធំទូលាយបំផុត ជាមួយនឹងបច្ចេកវិទ្យា 4G+ និង HD Voice ទៅដល់ប្រជាជនកម្ពុជាទាំងអស់» ។
ដើម្បីពិនិត្យមើលតារាងលេខរៀងនៃល្បឿនអ៊ីនធឺណិត សម្រាប់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ដែលវាស់ស្ទង់ដោយស្ថាប័ន Ookla សូមចូលទៅកាន់ http://www.speedtest.net/awards/kh/carrier/2016៕