(ត្បូងឃ្មុំ)៖ លោក ប៉ុល សុផា អគ្គនាយកចម្ការកៅស៊ូ និងជាតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះបើកវេទិការសាធារណៈ ស្តីពីនីតិវិធីក្នុងការគ្រប់គ្រងកាន់កាប់ដីធ្លី និងការដោះស្រាយវិវាទដីធ្លី ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋទាំង៦ភូមិ ក្នុងឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អំពីបញ្ហាដែលពួកគាត់ បានចូលកាន់កាប់ដី វិនិយោគរបស់រដ្ឋ ដោយខុសច្បាប់។
លោក ធួន ជេដ្ឋា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដីដែលមានទំនាស់នេះ គឺក្រុមហ៊ុនសុភក្ដិនីកា អ៊ិនវេសមេនគ្រុប ខូអិលធីឌី បានកាន់កាប់អស់រយៈពេល៣០ឆ្នាំ មកហើយ ព្រមទាំងបានចេញប័ណ្ណកម្មសិទ្ធិរួចរាល់ដែរ ដែលមានទំហំ១,៥១៩ហិចតា ចំពោះដីដែលមានទំនាស់ជាមួយពលរដ្ឋ គឺមានចំនួន ២៩៥ហិចតា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម។
លោក ប៉ុល សុផា បានធ្វើការពន្យល់ថា ក្រោយការរំដោះឆ្នាំ១៩៧៩ រដ្ឋាភិបាលបានប្រមូលចំការកៅស៊ូចាស់ៗទាំងអស់ មករៀបចំឲ្យដំណើរការឡើងវិញ ដោយពីដើមឡើយ ដីទាំងអស់នេះសុទ្ធតែជាដីសម្បទាន ដែលក្រុមហ៊ុនធំៗទាំងបារាំង និងខ្មែរ បានធ្វើវិនិយោគលើចម្ការកៅស៊ូនោះ ការវិវត្តន៍បានធ្វើរហូតឆ្លងកាត់ដំណាក់ការជាបន្តបន្ទាប់ រហូតដល់ការធ្វើអវិនិយោគ។
លោក ប៉ុល សុផា បានពន្យល់ពាក្យថា អវិនិយោគនេះ មានន័យថារដ្ឋឈប់ធ្វើការវិនិយោគ ដោយផ្ទេរវិស័យវិនិយោគ ទៅឲ្យឯកជនជាអ្នកអភិវឌ្ឍ ដែលជាដៃគូរបស់រដ្ឋជាអ្នកវិនិយោគ។
ក្នុងនោះមានក្រុមហ៊ុនសហគ្រាសចម្ការកៅស៊ូទាំង៧ ក្រុមហ៊ុនសម្ភារៈកសិកម្ម និងក្រុមហ៊ុនជលផល ដែលគណៈកម្មការអវិនិយោគ កើតឡើងតាំងពីឆ្នាំ២០០៣ បន្តរហូតដល់ឆ្នាំ២០០៧ ទើបចាប់ផ្តើមធ្វើអវិនិយោគ បន្តរហូតដល់ឆ្នាំ២០០៩ ក្រុមហ៊ុនសុភក្តិនីកា អ៊ិនវេសមេនគ្រុប ខូអិលធីឌី ខាងលើ ក៏បានដេញថ្លៃបាន ហើយមានប្លង់ដីច្បាស់លាស់គ្រប់គ្រាន់ ដែលមានសិទ្ធិគ្រប់គ្រង ប្រើប្រាស់ និងអាស្រ័យផល ដែលមានប្លង់ដីតម្កល់នៅក្រសួងកសិកម្ម ជាដីឯកជនរបស់រដ្ឋ ដែលមានក្រសួងកសិកម្មជាអ្នកគ្រប់គ្រង ដោយក្រុមហ៊ុនជួលដីនេះ មានកាតព្វកិច្ចបង់ពន្ធប្រចាំឆ្នាំ ជារៀងរាល់ឆ្នាំជូនរដ្ឋយ៉ាងទៀងទាត់ផងដែរ។
តំណាងក្រសួងកសិកម្មរូបនេះបានបញ្ជាក់ថា ដីដែលពាក់ព័ន្ធ២៩៥ហិចតា ជាដីរបស់រដ្ឋមិនមែនជាដីរបស់ឯកជន ឬរបស់នរណាម្នាក់ឡើយ តាមការស្រាវជ្រាវផ្ទាល់ ដែលមានឯកសារផ្ទាល់ ដែលលោកអភិបាលស្រុក និងមន្ត្រីជំនាញបានបញ្ជាក់ច្រើនដងមកហើយ។
នៅក្នុងវេទិការនោះ ប្រជាពលរដ្ឋបានលើកឡើងនូវចម្ងល់ និងសំណូមពរស្នើឲ្យខាងអាជ្ញាធរបញ្ជាក់ថា ដីដែលមានទំនាស់នេះ ជាដីរបស់រដ្ឋពិតប្រាកដមែនអត់ និងធ្វើការសុំដីដើម្បីកាន់កាប់ ដោយមួយគ្រួសារត្រឹមទទឹង២៥ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ ក៏គ្រប់គ្រាន់ដែរ។
លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដីនេះជាដីឯកជនរបស់រដ្ឋ ដែលជួលទៅឲ្យក្រុមហ៊ុនសម្រាប់វិនិយោគ ដែលមានប្លង់យ៉ាងច្បាស់លាស់ពិតប្រាកដ ក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មយ៉ាងពិតប្រាកដ សម្រាប់សំណើប្រជាពលរដ្ឋសុំដីនោះ ជាគោលការណ៍របស់រដ្ឋ ដីឯកជនរបស់រដ្ឋ តាមច្បាប់នោះមិនអាចប្រគល់ឲ្យបាននោះទេ។
លោកបានបន្ថែមថា ក្នុងនាមអាជ្ញាធរមិនអាចកាត់ប្រគល់ដីរដ្ឋ ទៅឲ្យប្រជាពលរដ្ឋ ដោយខុសពីច្បាប់នោះបានទេ ព្រោះដីនេះ ត្រូវបានការពារដោយច្បាប់ ធានាដោយរដ្ឋ ដែលឯកជនកាន់កាប់ ដោយមានការធានាត្រឹមត្រូវ ដែលខុសពីបំណងប្រជាពលរដ្ឋធ្វើការទាមទារចង់បាន។
លោកអភិបាលរងក៏បានធ្វើការ អំពាវនាវដល់ប្រជាពលរដ្ឋ មិនត្រូវជឿការភូតភរកុហកពីមេខ្យល់ ដើម្បីចង់បានដីរបស់រដ្ឋមកធ្វើ ជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ គឺពិតជាខុសច្បាប់ទាំងស្រុង ហើយវាមិនបានទទួលផលអ្វីវិញនោះទេ តែវាបានបណ្តាលឲ្យខាតពេលវេលា ប្រកបរបររកស៊ីចិញ្ចឹមជីវិតថែមទៀតនោះ។
លោកបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា បើសិនប្រជាពលរដ្ឋខ្វះខាតដីបង្កបង្កើនផល ឬស្នាក់នៅ ឬមួយក្រីក្រពិតប្រាកដ ប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំទៅកាន់រាជរដ្ឋាភិបាល សុំរស់នៅលើដីសម្បទានសង្គមកិច្ច តាមរយៈភូមិ/ឃុំ/ស្រុក/ខេត្ត គណៈកម្មាធិកាដីធ្លីខេត្តនឹងយកសំណើទៅកាន់ថ្នាក់ជាតិ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋជាក់ជាមិនខាន៕