(ភ្នំពេញ)៖ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៦​ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក ធិន ច និងភរិយា រួមទាំងគណៈប្រតិភូ បានធ្វើដំណើរចាកចេញពី ប្រទេសកម្ពុជា បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបជោគជ័យ អស់រយៈពេល៤ថ្ងៃ។

ខាងក្រោមនេះជាព្រឹត្តិការណ៍នានា ជុំវិញដំណើរទស្សនកិច្ចផ្លូវរដ្ឋលើទឹកដីកម្ពុជា របស់លោកប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច និងភរិយា ព្រមទាំងគណៈប្រតិភូ៖

ថ្ងៃទី១៖ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧

* លោក ធិន ច និងភរិយា ព្រមទាំងគណៈប្រតិភូ បានមអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការទទួលស្វាគមន៍ យ៉ាងកក់ក្ដៅពីសំណាក់ សម្តេចចៅហ្វាវាំង គង់ សំអុល រួមជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងមន្រ្តីជាន់ខ្ពស់ និងបណ្តាមន្រ្តីទូតនានាផងដែរ។
លោកប្រធានាធិបតី និងភរិយា បានស្នាក់នៅក្នុងសណ្ឋាគារ អ៉ិនធើខន (Intercontinetal)។

* វេលាម៉ោង ៣៖០០នាទីរសៀល លោកប្រធានាធិបតី និងភរិយា ព្រមទាំងគណៈប្រតិភូ បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងព្រះបរមរាជវាំង។ បន្ទាប់មក លោកបានអញ្ជើញទៅគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងគោរពវិញ្ញាញក្ខន្ធ នៅវិមានឯករាជ្យ ដោយមានការទទួលស្វាគមន៍ និងអមដំណើរដោយ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា។

* វេលាម៉ោង៧៖០០នាទីយប់ លោកប្រធានាធិបតី និងភរិយា បានអញ្ជើញទៅកាន់ព្រះបរមរាជវាំងម្ដងទៀត ដើម្បីចូលរួមពិធីលៀងសាយភោជន៍ជាមួយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី។ ម៉ោង៨៖៣០នាទីយប់ លោកប្រធានាធិបតី និងភរិយា អញ្ជើញធ្វើដំណើរត្រឡប់ទៅកាន់សណ្ឋាគារវិញ។

ថ្ងៃទី២៖ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧

* វេលាម៉ោង៩ព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ លោកប្រធានាធិបតី និងគណៈប្រតិភូ បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។ ក្នុងឱកាសនោះ លោកប្រធានាធិបតី ធិន ច បានអបអរសាទរ និងស្ញប់ស្ញែង ចំពោះការរីកចម្រើនលើវិស័យសេដ្ឋកិច្ច រួមទាំងវិស័យដទៃទៀតរបស់កម្ពុជា ព្រមទាំងបានស្នើសុំបទពិសោធន៍ដឹកនាំមួយចំនួន ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ផងដែរ។ លោក ធិន ច ក៏បានបញ្ជាក់ថា មីយ៉ាន់ម៉ានឹងផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលចង់រៀនភាសាភូមា។

* បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន, លោកប្រធានាធិបតី បានអញ្ជើញទៅទស្សនារមណីយដ្ឋាន ទេសចរណ៍ប្រវត្តិសាស្រ្តវត្តភ្នំ។

* ម៉ោង៣៖០០នាទីរសៀល លោកប្រធានាធិបតី និងភរិយា ព្រមទាំងគណៈប្រតិភូ បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ធ្វើដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាប ដោយមានការអមដំណើរពីសំណាក់ សម្ដេចចៅហ្វាវាំង គង់​​ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

* នៅម៉ោង៣៖៥០នាទីរសៀល លោកប្រធានាធិបតី បានអញ្ជើញទៅដល់ខេត្តសៀមរាប ដោយមានការទទួលស្វាគមន៍ពីសំណាក់ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងមន្រ្តីជាន់ខ្ពស់មួយចំនួននៅសាលាខេត្ត និងបានអញ្ជើញបន្តដំណើរ ទៅសម្រាកនៅសណ្ឋាគារសុខាអង្គរ។

បន្ទាប់ពីចំណាយពេលកន្លះថ្ងៃ នៅក្នុងទឹកដីខេត្តសៀមរាប នាវេលាម៉ោង៧៖០០នាទីយប់ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច និងភរិយា ព្រមទាំងគណៈប្រតិភូ បានចូលរួមទទួលទានអាហារពេលរាត្រី នៅក្នុងសណ្ឋាគារសុខាអង្គរ ជាមួយសម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្រ្តីព្រះបរមរាជវាំង, លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។

ថ្ងៃទី៣៖ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧

* ក្រោយពីពិសាអាហារពេលព្រឹករួចហើយ ម៉ោង៩៖៥៥នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ លោកប្រធានាធិបតី និងភរិយា ព្រមទាំងគណៈប្រតិភូ បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ព្រមទាំងប្រាសាទល្បីៗរបស់ខ្មែរ។

នៅម៉ោង៣រសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រធានាធិបតីមីយ៉ាន់ម៉ា និងភរិយា ព្រមទាំងគណៈប្រតិភូ បានបន្តទស្សនកន្លែងធ្វើរូបចម្លាក់បុរាណ Artisan Angkor នៅក្រុងសៀមរាប។ នៅរសៀលម៉ោង៣៖៣០នាទី លោកបានបន្តអញ្ជើញទៅទស្សនាប្រាសាទតាព្រហ្ម។

ថ្ងៃទី៤៖ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលជាថ្ងៃចុងក្រោយ នៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ធិន ច នៅម៉ោង១០ព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រធានាធិបតីមីយ៉ាន់ម៉ា និងភរិយា ព្រមទាំងគណៈប្រតិភូ បានអញ្ជើញទៅទស្សនាប្រាសាទបន្ទាយស្រី មុននឹងចាកចេញពីកម្ពុជា។ នៅពេលធ្វើដំណើរតាមផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី លោកប្រធានាធិបតី និងភរិយា បានចុះពិនិត្យមើលកន្លែងលក់ដូរ របស់ប្រជាពលរដ្ឋ និងបានភ្លក់រសជាតិទឹកត្នោតជូរ ព្រមទាំងបានទិញវត្ថុអនុស្សាវរីយ៍មួយចំនួនផងដែរ។

* លុះដល់វេលាម៉ោង១២៖២០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទើបលោកប្រធានាធិបតី និងភរិយា ព្រមទាំងគណៈប្រតិភូមីយ៉ាន់ម៉ា បានធ្វើដំណើរចាកចេញពីទឹកដីកកម្ពុជា ត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ ដោយមានការជូនដំណើរ ពីសំណាក់ សម្ដេចចៅហ្វាវាំង គង់ សំអុល រួមជាមួយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបផងដែរ៕