(ភ្នំពេញ)៖ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា នៅថ្ងៃម្សិលមិញនេះ បានសរសេរអត្ថបទមួយ ដោយបានលើកឡើង ពីឧទាហរណ៍ជាក់ស្តែង ចំពោះសេចក្តីក្លាហាន របស់ប្រទេសជប៉ុន ក្នុងកាតព្វកិច្ចទាំងផ្លូវសីលធម៌ និងផ្លូវច្បាប់ ចំពោះសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម និងសោកដនាកម្មសង្គ្រាម ដែលខ្លួនបានបង្កលើប្រទេសចិន និងកូរ៉េខាងត្បូង។

ក្នុងអត្ថបទរបស់លោក ហេង រតនា ដែលសរសេរបង្ហោះនៅលើ Facebook ផ្លូវការរបស់លោក បើទោះបីសរសេរមិនចំឈ្មោះថា «អាមេរិក» ប៉ុន្តែត្រូវគេដឹងថាហាក់បានរិះគន់ចំៗ ចំពោះសហរដ្ឋអាមេរិក ដែលពូកែតែធ្វើសង្គ្រាម ប៉ុន្តែគ្មានសេចក្តីក្លាហាន ក្នុងការដោះស្រាយវិបតិ្តក្រោយសង្គ្រាម ដូចប្រទេសជប៉ុននោះឡើយ។

អត្ថបទរបស់ លោក ហេង រតនា ចំណងជើង «សំណល់ជាតិផ្ទុះពីសង្គ្រាម និងសោកដនាកម្មដោយសង្គ្រាម​ ជាមួយកាតព្វកិច្ចខាងសីលធម៌​ និងកាតព្វកិច្ចខាងផ្លូវច្បាប់​ (Morale and Legal Obligations)» បានសរសេររៀបរាប់ នូវការអនុវត្តកាតព្វកិច្ចផ្លូវសីលធម៌ និងផ្លូវច្បាប់ ចំពោះសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម និងសោកដនាកម្មសង្គ្រាម នៅតំបន់អាស៉ីនេះ មានជាឧទាហរណ៍ដូចជា៖​

១៖ ជប៉ុន​និងចិ​ន​៖​ កាលពីឆ្នាំ១៩៩៧ ជប៉ុនបានយល់ព្រមជាមួយចិន ​សងលើសោកដនាកម្ម​ដោយសារសង្គ្រាម ដោយសុំទោស និងចំណាយលើការ បោសសំអាតអាវុធគីមី ដែលជប៉ុនបានបង្កនៅស្រុកចិនទាំងស្រុង​ ដែលជប៉ុនបង្កឡើងតាំងពីឆ្នាំ១៩៣១ ដល់ឆ្នាំ១៩៤៥។

ជប៉ុនបានឯកភាពផ្តល់ប្រាក់សំណង តាមរូបភាពជំនួយឥតសំណង ប្រមាណជិត២០០០លានដុល្លា​រឲ្យទៅចិន​ តែពេលនោះចិនប្រកែកមិនយកប្រាក់ ទាំងនោះទេ​ ដោយចិនតំរូវឱយជប៉ុនសុំទោស និងធ្វើការបោសសំអាតដីស្រុកចិន ឲ្យស្អាតធ្វើយ៉ាងឲ្យអស់គ្រាប់សំណល់ជាតិផ្ទុះ និងអាវុធគីមីដោយ កំលាំងជំនាញជប៉ុន​ សម្ភារបច្ចេកទេស និងការចំណាយជាបន្ទុក របស់ជប៉ុនផ្ទាល់តែម្តង។​

ជប៉ុនសន្យាធ្វើឲ្យចប់ជូនចិន នៅឆ្នាំ២០០៧ រួចហើយសុំពន្យារពេលដល់ឆ្នាំ២០១២​ ហើយបន្តសុំពន្យារពេលរហូតដល់ឆ្នាំ២០២២។​ ចិនមហាអំណាចនឹងខ្លាំង​ ដូចនេះនិយាយ និងធ្វើសមតាមបំណងជាមួយជប៉ុន។​ ដូចនេះជប៉ុនចំណាយមិនតិចកោតលានដុល្លាទេ ​សំរាប់បំពេញកាត្វកិច្ច ខាងសីលធម៌ និងកាត្វកិច្ចផ្លូវច្បាប់ ជូនប្រទេសនិងប្រជាជនចិន។

២៖​ ជប៉ុន និងកូរ៉េខាងត្បូង​៖​ ករណីស្ត្រីបំរើផ្លូវភេទក្នុងសង្គ្រាមលោកលើកទី២ ​ដោយសារប្រទេស និងប្រជាជនកូរ៉េខាងត្បូង តវ៉ាទាមទារឲ្យរដ្ឋាភិបាលជប៉ុន សុំទោស និងផ្តល់សំណងដល់ស្ត្រីបំរើផ្លូវភេទទាំងនោះ។ ជប៉ុនបានសំរេចសុំទោស និងផ្តល់សំណងចំនួន១ពាន់លានយ៉េន សំរាប់ជួយថែទាំស្ត្រីទាំងនោះ ដែលនៅមានជីវិតចំនួន៤៦នាក់។

៣៖​ ឡាវ និងអាមេរិក​៖​ អតីតប្រធានាធិបតីអាមេរិក​ អូប៉ាម៉ា​ នៅចុងឆ្នាំ​២០១៦ ​បានប្រកាសផ្តល់ជំនួយជាង៩០លានដុល្លារ សំរាប់រយៈពេល៣ឆ្នាំ ​២០១៧-២០១៩​ ដើម្បីគាំទ្រការងារស្រាវជ្រាវ និងបោសសំអាតគ្រាប់បែកចង្កោម នៅក្នុងប្រទេសឡាវ ដែលអាមេរិកទំលាក់ ក្នុងសម័យសង្គ្រាមឥណ្ឌូចិន។ ដោយទទួលស្គាល់ថា នេះជាទង្វើរបស់អាមេរិក បង្កឡើងលើប្រជាជនឡាវ ហើយនេះកាតព្វកិច្ចខាងសីលធម៌ដែលអាមេរិក។

សុំបញ្ជាក់ខ្លីថា​ ក្នុងសង្គ្រាមឥណ្ឌូចិន​កម្ពុជា​ វៀតណាម​ ឡាវនេះ​ ប្រជាជនឡាវស្លាប់ដោយសារការទំលាក់គ្រាប់បែក មានចំនួនប្រមាណ២ម៉ឺននាក់។ រីឯកម្ពុជាត្រូវគ្រាប់ទំលាក់ចំស្លាប់ផ្ទាល់ មានចំនួនប្រមាណ​៥០ម៉ឺននាក់​។

សង្គ្រាមបានបង្កសោកដនាកម្ម និងបំផ្លិចបំផ្លាញគ្មានសល់ ទាំងរចនាសម្ពន្ធ័រូបវន្ត​ និងសង្គមមនុស្ស​ ដូចនេះហើយបានជានៅ ក្នុងអនុសញ្ញាអន្តរជាតិ​ គេបានឲ្យនិយមន័យ ជនរងគ្រោះដោយសារគ្រាប់ចង្កោមក្តី​ ដោយសារមីនក្តីថា​ «​ជាជន​ត្រូវបានសំលាប់​ បង្កឲ្យមានរបួសទាំងកាយ និងផ្លូវចិត្ត​ បែកបាក់សង្គមគ្រួសារ​ បាត់បង់សិទ្ធិជាដើម។ល។​ ដូចនេះកាត្វកិច្ចខាងសីលធម៌ និងកាត្វកិចខាងផ្លូវច្បាប់​ ត្រូវតែយកមកអនុវត្ត ប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព​ សំរាប់ដោះស្រាយវិបតិ្តក្រោយសង្គ្រាម។ ​ សូមកោតសរសើរថ្នាក់ដឹកនាំ និងប្រជាជនជប៉ុន​ ដែលមានសេចក្តីក្លាហាន ក្នុងការដោះស្រាយវិបតិ្តក្រោយសង្គ្រាម​ មិនមែនក្លាហាន តែក្នុងពេលធ្វើសង្គ្រាមនោះទេ»

សូមជម្រាបថា បើតាមអគ្គនាយក CMAC លោក ហេង រតនា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាព​ដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់់ ​សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕