(ស្វាយរៀង)៖ លោក មឹុង សំផន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត ខេត្តស្វាយរៀង បានជំរុញឱ្យសមាជិក-សមាជិការបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវរួមគ្នាធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ មិនត្រូវគាបសង្កត់ប្រជាពលរដ្ឋនោះឡើយ សំដៅធ្វើឲ្យគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល ទទួលបានជោគជ័យ និងការគាំទ្រពីប្រជាពលរដ្ឋ។
លោក មឹុង សំផន លើកឡើងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយគោលនយោបាយ សម្រាប់អភិវឌ្ឍន៍ឃុំ ឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំនៅស្រុកចន្ទ្រា និងក្រុងបាវិត នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកបានបន្តថា ក្នុងនាមមន្ត្រីនៅថ្នាក់ក្រោមជាតិ ត្រូវធ្វើឱ្យបានល្អការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានជាអាថ៌ សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្ពាន ថ្នល់ជាដើម។ ដោយឡែកការផ្តល់ជូនអត្តសញ្ញាណបណ្ណ ការធ្វើសំបុត្រកំណើត សំបុត្រមរណភាព សៀវភៅគ្រួសារ មិនត្រូវយកថវិកាពីប្រជាពលរដ្ឋ ឬយកលើសពីច្បាប់កំណត់ឡើយ គឺត្រូវគោរពការងារ និងគោលនយោបាយរបស់បក្ស ដែលបានដាក់ជូនដោយមានហេដ្ឋារចនាសម្ព័ន្ធ ជាមួយរដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ព្រមទាំងមានបណ្តាញទំនាក់ទំនងគ្នាមានរចនាសម្ព័ន្ធបានត្រឹមត្រូវ ដោយរៀបចំពីថ្នាក់ក្រោមឡើងទៅលើ។
លោកបានបន្ថែមថា ការធ្វើអំពើល្អគឺជាការដាក់ចេញរបស់គណបក្ស សំដៅធ្វើយ៉ាងណាដឹងទុក្ខធុរៈ របស់ប្រជាពលរដ្ឋមូលដ្ឋាន ហើយទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ បានយូរអង្វែង។
នាឱកាសនោះដែរ លោក មឹុង សំផន ក៏បានឧបត្ថម្ភថវិកាដល់សមាជិក-សមាជិកា ដែលបានចូលរួមម្នាក់ៗទទួលបានសារ៉ុង១ ក្រម៉ា១ ថវិកា៣ម៉ឺនរៀល ដោយឡែកប្រធានក្រុមបក្ស តំណាងយុវជន ទទួលបានអាវធំ និងនាឡិកាដៃម្នាក់មួយៗផងដែរ។
នៅថ្ងៃដដែលនេះ នាយឧត្តមសេនីយ៍ មឹុង សំផន ក៏បានអញ្ជើញ នាំយកនូវសំភារៈគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៥លានរៀល ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី យកទៅប្រគល់ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកចន្ទ្រាទុក ដើម្បីប្រើប្រាស់ ក្នុងកិច្ចការមនុស្សធម៌។
នាយឧត្តមសេនីយ៍ មឹុង សំផន ក៏បាននាំយកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេច ទាំងទ្វេរផ្ញើជូនដល់សមាជិកសមាជិការទាំងអស់ របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រារួម និងបងប្អូនប្រជាពលរដ្ឋដែលនៅទីនេះផងដែរដែលសម្តេចតែងតែគិតគូរអំពីបញ្ហាសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយពីព្រោះថាកាកបាទក្រហមកម្ពុជា មានតួនាទី និងភារកិច្ចដើម្បីជួយសង្គ្រោះ ដល់ជនដែលរងគ្រោះនិងជនងាយរងគ្រោះទូទៅដែលជួបនូវការលំបាកសព្វបែបយ៉ាង នៅក្នុងគ្រួសារនិងក្នុងសង្គម។
លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងឲ្យដឹងថា «ទីណាមានបងប្អូនប្រជាពលរដ្ឋជួបការលំបាកទីនោះ តែងតែមានកាកបាទក្រហមកម្ពុជាចុះជួយសង្គ្រោះ និងសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់បក្សពួកជាតិសាសន៍ ពណ៍សម្បុររឺនិន្នាការនយោបាយនោះឡើយ សំខាន់សំដៅធ្វើយ៉ាងណាឱ្យជនដែលរងគ្រោះទាំងអស់នោះបានរួចចាកផុត ពីសេចក្តីវេទនាហើយ អាចរស់បានដោយសុខស្រួល នៅក្នុងជីវិត រស់នៅប្រចាំថ្ងៃរបស់ពួកគាត់»។
លោកនាយឧត្តមសេនីយ៍ បានបន្ថែមថា ពិតមែនថាអំណោយទាំងអស់នេះ វាតិចតួចស្តួចស្តើងមែន ក៍ប៉ុន្តែវាអាចជួយសម្រាល បានមួយគ្រានៅពេលយើងមានអាសន្ន ហើយអ្វីដែលប្រសើរបំផុតនាពេលនេះ គឺយើងត្រូវប្រើប្រាស់អំណោយទាំងអស់នេះឱ្យចំគោលដៅពិតប្រាកដ ទៅតាមទិសដៅ និងគោលបំណងដើម្បីបំរើឱ្យសង្គមជាតិទាំងមូល មានភាពរីកចម្រើនសំបូររុងរឿង៕