(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត អនុប្រធានគណកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការ នៅប្រទេសថៃ បានជួបពិភាក្សាការងារជាមួយលោក ស៉ីរិឆៃ ឌីស្តាគុល (Sirichai Distakul) រដ្ឋមន្ត្រីក្រសួងការងារថៃ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងការងារថៃ។
នៅក្នុងកិច្ចប្រជុំនោះ កម្ពុជា-ថៃ បានប្រព្រឹត្តទៅក្រោមបរិយាកាសយោគយល់ ស្និទ្ធស្នាល និងទទួលបានលទ្ធផលជាវិជ្ជមាន ក្នុងនោះ កម្ពុជា-ថៃ បានសម្រេចបានការឯកភាពគ្នានូវ ៦ចំណុចសំខាន់ៗ រួមមាន៖
ទី១៖ ភាគីថៃបានឯកភាពអនុញ្ញាតឲ្យគណៈកម្មការផ្តល់ភាពស្របច្បាប់កម្ពុជា ចុះធ្វើការបើកផ្តល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងប័ណ្ណ OCWC ជូនពលករកម្ពុជាដោយផ្ទាល់ដល់ពលករកម្ពុជា ដែលធ្វើការនៅតាមរោងចក្រ សហគ្រាស ដែលមាន ប្រើប្រាស់ពលករកម្ពុជាចាប់ពី ៨០នាក់ឡើង។
ទី២៖ បន្ថែមពីលើការិយាល័យបើកផ្តល់ដែលមានស្រាប់ នៅក្នុងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក ភាគីថៃបាន ឯកភាព អនុញ្ញាតឲ្យកម្ពុជា បើកការិយាល័យបើកផ្តល់ចំនួន៥បន្ថែមទៀត ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសាមុទ្ទប្រាកាន ឈុនបុរី ផាធុមថានី ចាក់សុងសាវ និងរ៉ាក់យ៉ង។ ភាគីថៃ នឹងជូនដំណឹងដល់កម្ពុជានូវទីតាំងទាំង៥កន្លែងថ្មីនោះ។
ទី៣៖ ភាគីថៃនឹងអនុញ្ញាតដល់កម្ពុជាចាប់ផ្តើមចុះប្រមូលទិន្នន័យ និងបញ្ជាក់សញ្ជាតិដល់ពលករកម្ពុជាដែលមានប័ណ្ណពណ៌ស៊ីជំពូឡើងវិញ ក្រោយពេលដែលការិយាល័យបើកផ្តល់ថ្មីទាំង៥នេះ ដំណើរការទៅដោយរលូន។
ទី៤៖ ការិយាល័យអន្តោប្រវេសន៍ថៃ នៅគ្រប់ទីតាំងនឹងផ្តល់ទិដ្ឋាការស្នាក់នៅដល់ពលករកម្ពុជាទាំងឡាយណា ដែលមាន ប័ណ្ណពណ៌ស៊ីជំពូស្របច្បាប់ និងទទួលបានលិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងប័ណ្ណ OCWC ពីគណៈកម្មការផ្តល់ភាព ស្របច្បាប់របស់កម្ពុជា។
ទី៥៖ ភាគីទាំង២ បានបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីរៀបចំផែនការសកម្មភាពដើម្បីអនុវត្តនូវស្មារតីកិច្ចប្រជុំនាថ្ងៃនេះ។ ភាគីទាំង២ បានកំណត់ពេលវេលាយ៉ាងយូរ ១៥ថ្ងៃ ដល់ក្រុមការងារចំពោះកិច្ចនេះ ដើម្បីដាក់ចេញផែនការ សកម្មភាព សម្រាប់អនុវត្ត។
ទី៦៖ ភាគីថៃបានសម្តែងនូវការសាទរចំពោះភាគីកម្ពុជា ដែលបានបន្ថែមថ្ងៃធ្វើការនាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យព្រមទាំងបន្ថែម ម៉ោងការងារពីម៉ោង៨ ទៅម៉ោង៩ ក្នុង១ថ្ងៃ ពោលគឺចាប់ពីម៉ោង ៨៖៣០នាទីព្រឹក ដល់ម៉ោង៦៖៣០នាទីយប់៕