(ក្រចេះ)៖ ស្រ្តីមេម៉ាយម្នាក់ បានចេញមុខសុំឲ្យលោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយ​កម្ម និងសំណង់  អន្តរាគមន៍រកយុត្តិធម៌ឲ្យ ក្រោយមន្រ្តីសុរិយោដីខេត្តក្រចេះម្នាក់ បានបើកឡានបុកកូនស្រីរបស់ខ្លួន ស្លាប់បាត់បង់ជីវិត ហើយមិនទទួលខុសត្រូវ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងនៅលើ Facebook របស់សាច់ញាតិ​ក្មេងស្រីរងគ្រោះបង្ហោះឲ្យដឹងនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ 

យោងតាម Facebook សាច់ញាតិក្មេងស្រីរងគ្រោះបានបង្ហោះរៀបរាប់រឿងទាំងស្រុងឲ្យដឹងថា «នាងខ្ញុំឈ្មោះ​ ភាន​ សោភា​ សូមគោរពឯកឧត្តម​ ជា​ សុផារ៉ា សូមឯកឧត្តមមេត្តាជួយរកយុត្តិធម៌ឲ្យក្រុមគ្រួសាររបស់នាងខ្ញុំផង​ នាងខ្ញុំជាស្រី​មេម៉ាយ​មាន​កូនស្រីតែម្នាក់គត់​ ស្រលាញ់ជាងជីវិតទៅទៀត​ ខិតខំចឹញ្ចឹមបីបាច់កូនដោយជីវភាពជាគ្រូបង្រៀន​ រហូតដល់កូនអាយុ១៥ឆ្នាំ​ តែជាអកុសលនៅថ្ងៃទី២៨​ ខែឆ្នូ​ ឆ្នាំ២០១៦​ វេលាម៉ោង៧៖៤០នាទីយប់​ នៅពេលដែល​កូនស្រីរបស់នាងខ្ញុំចេញពីរៀនគួរនៅសាលាវិទ្យាល័យកុសុម:​ ត្រូវបានមន្រ្តីមន្ទីសុរិយោដីខេត្តក្រចេះឈ្មោះ​ គីរី​ បើកឡានរបស់អង្គភាពសុរិយោដី​ បុកម៉ូតូកូនស្រីរបស់នាងខ្ញុំបណ្តាលឲ្យស្លាប់យ៉ាងអណោចអធមជាទីបំផុត​ រួចហើយ​បើកឡានរត់ទៅលាក់ទុកនៅក្នុងមន្ទីរសុរិយោលដីខេត្តក្រចេះដោយគេចវេសមិនព្រមទទួលខុសត្រូវ​  ប៉ុន្តែអ្វីដែល​គួរឲ្យសោកស្តាយជាងនេះទៅទៀតនោះ​ គឺនៅថ្ងៃបន្ទាប់(ថ្ងៃទី២៩)​ ពេលដែលសមត្ថកិច្ចស្រាវជ្រាវ​រកឃើញរថយន្ត​បង្កដែលលាក់ទុកនៅក្នុងមន្ទីរហើយនោះ​  ស្រាប់តែលោកប្រធានមន្ទីរ​ ឈ្មោះ​ ឡែន​ បានប្រើឥទ្ធិពល​របស់ខ្លួនមិន​ឲ្យប៉ូលីស​យកទៅរក្សាទុកភ្លាមៗទេ​ ហើយបានព្យាយាមលាក់បាំងជនបង្ករហូត​ ដល់ល្ងាចថ្ងៃដដែលទើប​ព្រមឲ្យ​សមត្ថកិច្ច​យកទៅរក្សាទុកនៅកន្លែងប៉ូលីស​ ចំណែកជនបង្ករត់គេចខ្លួនបាត់​ ដោយមិនមានការទទួល​ខុសត្រូវពីខាង​ណាទាំងអស់»​

បន្ថែមពីលើនេះ ស្រ្តីមេម៉ាយ ដែលជាម្តាយរបស់ក្មេងស្រីរងគ្រោះ បានបញ្ជាក់ឲ្យដឹងទៀតថា «ដោយសានាងខ្ញុំជាស្រ្តី​មេម៉ាយ ទន់ខ្យោយ​ និងមានជីវភាពជាគ្រូបង្រៀន​ នាងខ្ញុំគ្មានលទ្ធភាពអ្វីតទល់ជាមួយលោក​ ឡែន​ ទេ​ មានតែ​ស្នើសុំឲ្យ ឯកឧត្តម ជា សុផារ៉ាមេត្តាជួយរកយុត្តិធម៌ឲ្យនាងខ្ញុំផងទៅ​ចុះ​ ព្រោះចាប់តាំងពីកើតរឿង​រហូតមកដល់​ថ្ងៃនេះ​ភាគីខាងមន្ទីរធ្វើព្រងើយកន្តើយ មិនមានទំនាក់ទំនង មកខាងក្រុមគ្រួសារនាងខ្ញុំឡើយ»