(សៀមរាប)៖ ដោយមានកិច្ចសហការ និងបទបញ្ជារបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ នេះថា រថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន រួមជាមួយមន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានត្រួតពិនិត្យ និងបានរកឃើញសារធាតុបូរ៉ាក់ និងម្ស៉ៅសហាមឃាត់ លើផលិតផលមួយចំនួន ដែលដាក់លក់នៅក្នុងផ្សារលើធំថ្មី ក្រុងសៀមរាប។
មន្រ្តីសាខាកាំកុងត្រូលខេត្តសៀមរាបបាបញ្ជាក់ថា កិច្ចការនេះ ធ្វើឡើងតាមការណែនាំពីរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស ឲ្យបន្តយុទ្ធនាការចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះតាមទីផ្សារ ដើម្បីចូលរួមចំណែកលើ ការការពារសុវត្ថិភាព ចំណីអាហារ ដល់ប្រជាពលរដ្ឋ។
មន្រ្តីដដែលបានបន្ថែមថា នៅក្នុងការត្រួតពិនិត្យនេះ ផ្តោតទៅបន្លែ ត្រី សាច់ មាំ ជ្រក់ គ្រឿងសមុទ្រស្រស់ និងផ្លែឈើជាដើម។ ក្រុមការងារបានពិនិត្យរកឃើញសារធាតុគីមីបូរ៉ាក់ និងម្ស៉ៅស ដាក់នៅក្នុងសណ្តែកបណ្តុះតាមតូបខ្លះ នៅក្នុងផ្សារលើធំថ្មីនេះ ហើយបានដកហូតយកទៅកម្ទេចចោល ការពារការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ក្រុមកាងារក៏បានចែកផ្សាយ នូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។ ក្នុងចំណោម៦៤គំរូ ដែលបានយកមកពិសោធន៍ រួមមាន មឹក បង្គា បង្កងក្លាសេ ជ្រក់ស្ពៃ ជ្រក់ត្រសក់ ជ្រក់គល់ខ្ទឹម ជ្រក់ម្ទេស ជ្រក់មមាញ ប្រហុក ផ្អក ត្រីងៀត សាច់ក្រក ផ្លែឈើស្រស់។
ក្រុមការងារបានរកឃើញគុយទាវមានសារធាតុគីមីហាមឃាត់បូរ៉ាក់ ស្ករត្នោតចំនួន ៣គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់។ ក្រៅពីនេះ សណ្តែកបណ្តុះចំនួន ៤៧គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់។ ផលិតផលដែលមានសារធាតុគីមីទាំងអស់នោះ ត្រូវបានធ្វើកំណត់ហេតុដកហូត ដើម្បីទុកកម្ទេចចោល។
ក្រោយរកឃើញសារធាតុ នៅក្នុងសរសៃគុយទាវនោះ ក្រុមការងារ បានចុះទៅណែនាំដល់កន្លែងផលិតផងដែរ៕