(ពោធិ៍សាត់)៖ កម្លាំងចម្រុះរួមមាន កម្លាំងបរិស្ថាន សហការជាមួយកម្លាំងនគរបាលស្រុក កម្លាំងមូលដ្ឋានអាវុធហត្ថស្រុក កម្លាំងសហគមន៍ និងមេភូមិ អនុភូមិ បានចុះប្រតិបត្តិការបង្ក្រាប ទីតាំងរុករានព្រៃលិចទឹក ដើម្បីធ្វើស្រែប្រាំង និងដាក់របាំងសាច់អួន នៅតំបន់ហាមឃាត់ (តំបន់៣) ត្រង់ចំណុចខ្សាច់ស ស្ថិតក្នុងភូមិក្បាលដំរីថ្មី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យបាន៥នាក់ និងដកហូតគោយន្តថាឡេថងភ្ជួរដី៦គ្រឿង។
ប្រភពពីមន្ត្រីឧទ្យានុរក្ស តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនាល្ងាចនេះថា ការចុះប្រតិបត្តិការបង្ក្រាបខាងលើនេះ ធ្វើឡើងបន្ទាប់ពីទទួលដំណឹងពីមេភូមិថ្គោលថា មានការរុករានព្រៃលិចទឹកជាច្រើន ដើម្បីធ្វើស្រែប្រាំង និងដាក់របាំងសាច់អួន នៅតំបន់ហាមឃាត់ព្រៃលិចទឹក (តំបន់៣)។
ក្នុងប្រតិបត្តិការបង្ក្រាប យើងបានឃាត់ខ្លួន ជងសង្ស័យ ៥នាក់ រួមមាន៖
១-វណ្ណ វឿន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអូររំចេក ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
២-ឌុច ប៊ុនណេង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិតាប៉ាង ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
៣-ឡឹម ប្រុស ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិតាប៉ាង ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
៤-ឃិន សំអាង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
៥-ស៊ិន ស ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
និងដកហូតគោយន្តថាឡេថងភ្ជួរដី ៦គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានផ្ញើឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធធានាគារខេត្តពោធិ៍សាត់ រង់ចាំស៊ើបអង្កេតស្រាវជ្រាវបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់ដែនព្រៃលិចទឹកចំនួន ៦៤៧.៤០៦ហិកតា ស្ថិតក្នុងខេត្តចំនួន៦ ជុំវិញបឹងទន្លេសាប រួមមាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ដើម្បីធ្វើការគ្រប់គ្រង ការពារ និងថែរក្សា ដែនព្រៃលិចលិចទឹក និងព្រៃលិចទឹក ឲ្យបានគង់វង្សជាប្រយោជន៍រួម៕