(ភ្នំពេញ)៖ កម្ពុជា-ថៃ បានឯកភាពគ្នាក្នុងការពន្លឿន ការផ្តល់លិខិតឆ្លងដែន, លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ជូនពលករកម្ពុជាដែលទៅធ្វើការនៅប្រទេសថៃ ឲ្យបានឆាប់រហ័ស។
ការឯកភាពនេះ បានធ្វើឡើងនៅក្នុងជំនួប ដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត អនុប្រធានគណ:កម្មការ ផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ជួបប្រជុំ ពិភាក្សាការងារជាមួយ លោក ស៊ីរីឆៃ ឌីស្តាគុល រដ្ឋមន្ត្រីក្រសួងការងារថៃ ដើម្បីពិភាក្សារកដំណោះស្រាយក្នុងការពន្លឿនការផ្តល់ លិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ទៅធ្វើការ នៅក្រៅប្រទេស កាលពីពេលថ្មីៗនេះ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងថា «នៅក្នុងកិច្ចប្រជុំនោះ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាលើគោលការណ៍ សំខាន់ៗមួយចំនួនដែលនឹងបង្កើនល្បឿនក្នុងការផ្តល់លិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅក្រៅ ប្រទេសឲ្យ បងប្អូនពលករយើង ព្រមទាំងបង្កើនកិច្ចសហការរវាងភាគីទាំងពីរ ក្នុងការសម្រេចកិច្ចការរួមគ្នានាពេលខាងមុខ»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា គណៈកម្មការផ្តល់ភាព ស្របច្បាប់ដល់ពលករកម្ពុជា បានបោះពុម្ព លិខិតឆ្លងដែន លិខិតធ្វើដំណើរពលលករកម្ពុជា ទៅធ្វើការនៅបរទេស និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេសចំនួន ២៣១ ៦២៦នាក់ និងបានត្រៀមទទួលស្វាគមន៍ជានិច្ច ដើម្បីបើកផ្តល់សំណុំលិខិតទាំងនោះ ជូនដល់ពលករកម្ពុជា ទៅតាមនីតិវិធី ដែលភាគីថៃបានកំណត់៕