(ភ្នំពេញ)៖ ក្រោយបញ្ចប់ជំនួបជាមួយ លោក RAMNATH Kovind អភិបាលរដ្ឋប៊ីហា នៃប្រទេសឥណ្ឌា នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងថា ឥណ្ឌាបានអះអាងថា ខ្លួនពុំបានសាងសង់ប្រាសា ទដោយចម្លងគំរូតាមប្រាសាទអង្គរវត្តរបស់កម្ពុជាឡើយ។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានឲ្យដឹងថា កាលពីពេលកន្លងទៅ មានក្រុមហ៊ុនមួយ ក្នុងប្រទេសឥណ្ឌា គ្រោងសាងសង់ប្រាសាទមួយនៅរដ្ឋប៊ីហា ដែលចម្លងគំរូតាមប្រាសាទអង្គរវត្ត ហើយកម្ពុជាក៏តែងតែជំទាស់នឹងគម្រោងនោះជានិច្ច តាំងពីលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមកម្ល៉េះ។
លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា «ខាងភាគីឥណ្ឌាបញ្ជាក់មកថា រដ្ឋាភិបាលរដ្ឋប៊ីហា បានហាមឃាត់ក្រុមហ៊ុនហ្នឹងហើយ អត់ឲ្យធ្វើទេ ដូច្នេះបញ្ហានេះ គឺអត់មានការចម្លងពីប្រាសាទអង្គរវត្ត នៅរដ្ឋប៊ីហាហ្នឹង គឺអត់មានទេ»។
លោកបន្ថែមថា ក្រោយពេលរបបខ្មែរក្រហម បានដួលរលំទៅ មានតែប្រទេសឥណ្ឌាតែមួយគត់ ដែលស្ម័គ្រចិត្តមកជួយជួសជុលប្រាសាទអង្គរវត្ត ហើយក្នុងពេលនោះ មានប្រទេសមួយចំនួនបានរិះគន់ថា ឥណ្ឌាជួសជុលប្រាសាទអង្គរវត្ត មិនស្របទៅតាមលក្ខណៈបច្ចេកទេស ប៉ុន្តែឥណ្ឌាបានឆ្លើយតបថា ការងារទាំងនោះ គឺធ្វើតាមបច្ចេកទេសដូចទៅនឹង ការជួសជុលប្រាសាទនានា នៅប្រទេសរបស់ខ្លួនដែរ។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបន្ថែមទៀតថា បច្ចុប្បន្ន ឥណ្ឌាក៏បានចូលរួមជួសជុលប្រាសាទតាព្រហ្ម ក្នុងដំណាក់កាលទី២ ដោយបានចំណាយថវិកាជាច្រើន ព្រមទាំងចូលរួមជួសជុលទ្វារទី៥ នៃប្រាសាទព្រះវិហារ ខណៈរដ្ឋាភិបាលប្រទេសចិនក៏បានចូលរួមជួសជុលទ្វារទី១, ទី២, ទី៣ នៃប្រាសាទព្រះវិហារផងដែរ៕