(កំពង់ឆ្នាំង)៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបញ្ជាដឹកនាំផ្ទាល់របស់ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណកម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្រ្តបឹងទន្លេសាប។
ជាលទ្ធផលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច រួមជាមួយថ្នាក់ដឹកនាំ នាយកដ្ឋានបានចុះសាកសួរសុខទុក្ខកំលាំងក្រុមប្រតិបត្តិការពិសេស អន្តរក្រសួង ដែលបានចុះប្រតិបត្តិការ នៅក្នុងភូមិសាស្រ្តបឹងទន្លេសាប និងបាននាំយក អំណោយជាសម្ភារៈ និងថវិកាមួយចំនួនចែកជូនដល់ កងកម្លាំងប្រចំាការចំនួន៤៣នាក់ ហើយនិងបានជួបប្រជុំពិភាក្សាការងារជាមួយ ស្នងការរងនគរបាលខេត្ត សំរាប់ធ្វើផែនការ បង្ក្រាបបទល្មើសនាពេលខាងមុខ។
បន្ទាប់មកលោកប្រធាន បានចុះទៅពិនិត្យសភាពការណ៍បទល្មើស និងបានបញ្ជាដឹកនាំផ្ទាល់ប្រើប្រាស់ កាណូត១១គ្រឿង ចុះរុះរើបំផ្លាញចោលនូវឧបករណ៍ នេសាទខុសច្បាប់រួមមាន៖ របាំង១២កន្លែង (របាំងខ្លះពុំមានសាច់អួន)=សាច់អួន៥០០ម៉ែត្រ-ក្បាលឡុក០៥ - បង្គោល១០០៩ដើម-លែងត្រីចំរុះ៣៥kgs ។
នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯងក៏បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានការយល់ដឹងអំពីច្បាប់ជលផល ពិសេសសូមកុំឲ្យបន្តការប្រព្រឹត្តល្មើស ច្បាប់បន្តទៀត។
ដោយឡែកនៅវេលារសៀលនាថ្ងៃទី០៦ ខែកុម្ភៈដដែលនេះ ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និងថ្នាក់ដឹកនាំបានបន្តដំណើរ ទៅសាកសួរសុខទុក្ខដល់ ក្រុមប្រតិបត្តិការពិសេស អន្តរក្រសួងដែលបានកំពុងចុះប្រតិបត្តិការនៅទន្លេសាប (ខេត្តកំពង់ធំ) និងបាននាំយកអំណោយជាសម្ភារៈ និងថវិកាមួយចំនួនចែកជូនដល់កងកម្លាំងប្រចាំការ ចំនួន៣៦នាក់ផងដែរ។ សរុបកម្លាំងសមត្ថកិច្ចទាំងពីរខេត្តចំនួន៧៩នាក់៕