(ភ្នំពេញ)៖ ក្រុមហ៊ុន Premium Auto Import Co.,Ltd នាំចូលចែកចាយផ្តាច់មុខរថយន្តម៉ាក BMW បានធ្វើកាលប្រកាសប្រគល់ ជូននូវរថយន្តប្រណីតចំនួន៣៥គ្រឿង ដែលមានតម្លៃប្រមាណ ជាង៣,៥លានដុល្លារអាមេរិក ទៅដល់ក្រុមហ៊ុនជួលរថយន្តប្រប្រណីត Royal Cambodian Limousine Services។ ការប្រកាសនេះ ត្រូវបានធ្វើឡើង នាដើមកុម្ភៈឆ្នាំ២០១៧នេះ នៅក្នុងបរិវេណសណ្ឋាគារ Raffles Le Royal ក្រោមវត្តមានតំណាងជាន់ខ្ពស់ របស់ក្រុមហ៊ុនទាំងពីរ។
លោក Peter Brongers នាយកគ្រប់គ្រងនៃក្រុមហ៊ុន BMW Cambodian បានបញ្ជាក់ថា ក្រុមហ៊ុនពិតជាមានមោទនភាព ក្នុងការប្រកាសផ្តល់ជូននូវរថយន្តប្រណីត ស៊េរី BMW5 និងBMW7 ស៊េរីថ្មីចំនួន៣៥គ្រឿង ប្រគល់ជូន ដល់ក្រុមហ៊ុន Royal Cambodian Limousine Services ដើម្បីបម្រើដល់អតិថិជនពិសេស ក្នុងការចូលរួមផ្តល់សេវាកម្ម ដល់រាជរដ្ឋាភិបាលកម្ពុជា។
លោកលើកឡើងបន្តថា កិច្ចសន្យាតម្លៃប្រមាណ ជាង៣លានដុល្លារអាមេរិក ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ពួកយើង ខណៈកំណើនរថយន្ត BMW នៅលើដងផ្លូវ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីការរីកចម្រើនរបស់ម៉ាក BMW។
ដោយឡែក លោក Jake Montross នាយកគ្រប់គ្រងក្រុមហ៊ុន Royal Cambodian Limousine Services បានឲ្យដឹងថា «រយៈពេលជាង៤ ឆ្នាំមកនេះ យើងមានបទពិសោធដ៏ល្អឥតខ្ចោះ ជាមួយរថយន្ត BMW ដែលជារថយន្តប្រណិត របស់យើង។ អតិថិជនរបស់យើងទាំងអស់ ពិតជាមានភាពសប្បាយរីករាយ មែនទែនជាមួយនឹងការប្រើប្រាស់ រថយន្ត BMW ហើយដោយសារតែដល់ពេលវេលា ដែលយើងផ្លាស់ប្តូររថយន្ត ដូច្នេះហើយរថយន្ត BMW 7 ស៊េរី និងរថយន្ត ៥ ស៊េរីប្រភេទ GT គឺជាជម្រើសដ៏ស័ក្តិសមបំផុត។ សេវាកម្មដ៏រហ័សទាន់ចិត្ត និងអាចទុកចិត្តបាននៅ BMW Cambodia កាន់តែផ្តល់នូវភាពងាយស្រួល ចំពោះយើង»៕