(កំពង់ស្ពឺ)៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការចុះទៅឆែកឆេរឃ្លាំងលក់ម៉ូតូមួយកន្លែង ស្ថិតនៅសង្កាត់រការធំ ក្រុងច្បារមនយីហោ «ឈន់ ហោ» ជាលទ្ធផល រកឃើញម៉ូតូមិនប្រក្រតីចំនួន១៥គ្រឿង និងម៉ូតូអត់ពន្ធចំនួន១៥គ្រឿង។
ប្រតិបត្តិការដែលឈានទៅដល់ការចុះឆែកឆេរ នៅក្នុងឃ្លាំងលក់ម៉ូតូដ៏ធំនៅទីរួមខេត្តកំពង់ស្ពឺ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពី ជនសង្ស័យពាក់ព័ន្ធបញ្ហាគ្រឿងញៀន និងគាស់ផ្ទះ២នាក់ ដែលត្រូវចាប់ខ្លួន បានសារភាពថា ពួកគេបានយកម៉ូតូទៅលក់នៅឃ្លាំងលើ។
លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការខេត្តកំពង់ស្ពឺ ដែលដឹកនាំការបង្ក្រាបបទល្មើសមួយនេះ បានបញ្ជាក់ថា កម្លាំងនគរបាលរបស់លោក ចាប់បានមនុស្ស២នាក់ នៅក្រុងច្បារមន ដោយម៉ូតូពួករបស់គេមានស្លាកលេខផ្សេង ឯកសារផ្សេង។
ភ្លាមៗនោះ កម្លាំងជំនាញ បានសាកសួរយ៉ាងល្អិតល្អន់អំពើម៉ូតូរបស់ពួកគេ ក៏ស្រាប់តែគេបានឆ្លើយថា ពួកគេបានទិញម៉ូតូមិនប្រកតីនេះពីឃ្លាំងលក់ម៉ូតូរបស់ឈ្មោះ «ឈន់ ហោ» នៅសង្កាត់រកាធំ ក្រុងច្បារមន។
លោកឧត្តមសេនីយ៍បានបន្តថា ក្រោយពីបានទទួលចម្លើយពីជនសង្ស័យ កម្លាំងបានបន្តចុះឆែកឆេរ ផ្ទះរបស់លោក «ឈន់ហោ» កម្លាំងបានរកឃើញម៉ូតូមិនប្រកតីចំនួន១៥គ្រឿង រួមទាំងម៉ូតូអត់ពន្ធចំនួន១៥គ្រឿងទៀត។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា កម្លាំងក៏បានឆែករកឃើញ ឃ្លាំងដែលមានម៉ូតូ៧៥គ្រឿងផ្សេងទៀត ដែលកម្លាំងមិនទាន់បានត្រួតពិនិត្យ រង់ចាំការពិនិត្យផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវជាមុនសិន។ សម្រាប់ឃ្លាំងត្រូវ ឃ្លំបេ(ចាក់សោសុវត្តិភាព)ជាប់អស់ហើយ ដោយបានបញ្ជាពីលោកព្រៈរាជអាជ្ញា កែវ សុធា ផងដែរ។
សូមបញ្ជាក់ថា ឃ្លាំងលក់ម៉ូតូលោក «ឈន់ហោ» ត្រូវបានសមត្ថកិច្ចឆ្មក់ចាប់ បានជាញឹកញាប់ពីករណីដូចខាងលើនេះ តែផ្ទះនេះនៅបន្តរកស៊ីបែបនេះ ជារៀងរហូតមិនព្រមរាងចាលឡើយ៕