(ព្រះសីហនុ)៖ កម្លាំងនគរបាលជំនាញ នៃការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ៤នាក់ ដែលតែងតែធ្វើសកម្មភាព ប្លន់ និងលួចសម្ភារជនបរទេស តាមឆ្នេរសមុទ្រ ហើយពួកគេត្រូវបាន បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។
មន្រ្តីនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ សាំ សៅ អាយុ១៣ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ, ២.ឈ្មោះ រស់ សាវីន អាយុ១៤ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ, ៣.ឈ្មោះ គឹម ភារុណ អាយុ១៤ឆ្នាំ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ, ៤.ឈ្មោះ នៅ ស៊ីដារ៉ា អាយុ២៧ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
ក្រោយឃាត់ខ្លួនជនសង្ស័យបានហើយ កម្លាំងនគរបាលបានឆែកឃើញ និងដកហូតសម្ភារមួយចំនួន រួមមាន៖ ទូរស័ព្ទដៃ៣គ្រឿង កាបូបស្ពាយចំហៀង កាបូបដៃ កងជើង១គូ សោបន្ទប់ កាត នាមបណ្ណ២។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅតុលាការចាត់ការ តាមច្បាប់៕