Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា៖ គម្រោងកែសម្រួលតម្លៃអគ្គិសនីពេលថ្ងៃថ្លៃជាងពេលយប់ អនុវត្តចំពោះតែរោងចក្រ-សហគ្រាសតែប៉ុណ្ណោះ !

06-02-2017 16:23

(ភ្នំពេញ)៖ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា លោក ទី នរិន្ទ បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា គម្រោងកែប្រែថ្លៃអគ្គិសនី ពេលថ្ងៃថ្លៃជាងពេលយប់ របស់អាជ្ញាធរអគ្គិសនី ធ្វើឡើងចំពោះតែសហគ្រាសរោងចក្រដែលធ្វើអាជីវកម្មប្រើប្រាស់អគ្គិសនី ទ្រង់ទ្រាយធំប៉ុណ្ណោះ ចំពោះប្រជាពលរដ្ឋធម្មតាការកំណត់តម្លៃលក់អគ្គិសនី គឺនៅរក្សាគោលការណ៍ដដែល។

ប្រធានអាជ្ញាធរអគ្គសិនីកម្ពុជារូបនោះបានបញ្ជាក់ថា ការផ្តល់ជម្រើសនេះដើម្បីជាការលើកទឹកចិត្តដល់ម្ចាស់សហគ្រាស-រោងចក្រធំៗ ព្រោះកន្លងមកថា មពលអគ្គិសនីនៅពេលយប់ មានការប្រើប្រាស់តិចនៅឡើយ។

ការចេញមុខអះអាង របស់ប្រធានអាជ្ញាធរអគ្គិសនីរូបនេះ ធ្វើឡើងបន្ទាប់ពីមហាជនមួយចំនួន បានយល់ច្រឡំ អំពីគម្រោងចង់កែប្រែតម្លៃអគ្គីសនី ពេលថ្ងៃថ្លៃ ជាងពេលយប់ ថាអនុវត្តទូទៅ មិនកំណត់ប្រភេទអ្នកប្រើប្រាស់។ ប៉ុន្តែការពិត ការកំណត់តម្លៃនេះ អនុវត្តលើតែសហគ្រាស និងរោងចក្រ ដែលប្រើប្រាស់ អគ្គិសនី ទ្រង់ទ្រាយធំ ដើម្បីដំណើរការអាជីវកម្មតែប៉ុណ្ណោះ។

សូមជម្រាបថា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការពិគ្រោះយោបល់លើការកែសម្រួលបញ្ជី ថ្លៃលក់អគ្គីសនី តាមពេលវេលាថ្ងៃនិងយប់របស់អគ្គិសនីកម្ពុជា ដល់អ្នកប្រើប្រាស់ធុនធំ ភ្ជាប់តុងស្យុងមធ្យម ដែលជាប្រភេទឧស្សាហ៍កម្ម ពាណិជ្ជកម្ម ទាំងអស់ ដើម្បីកំណត់តម្លៃថ្មី។ អាជ្ញាធរអគ្គិសនីក៏បានអំពាវនាវ សូមឲ្យមានការចូលរួមពិគ្រោះយោបល់ឲ្យបានគ្រប់ជ្រុងជ្រោយ លើគម្រោងកែសម្រួលបញ្ជី ថ្លៃអគ្គិសនីរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧៕