(ឧត្តរមានជ័យ)៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន២ខ្នង និងអាគារសាលាឃុំ១ខ្នង នៅក្នុងខេត្តឧត្តរមានជ័យ ដែលត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ក្នុងថ្ងៃតែមួយនាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងស្រុកចំនួន២ គឺស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីទី១ បានកើតឡើងនៅវេលាម៉ោងជាង ១២ ថ្ងៃត្រង់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទភ្លើងឆេះព្រៃរាលឆេះផ្ទះឈើ១ខ្នង ធ្វើអំពីឈើប្រក់ស័ង្ហសី មានទំហំ៥គុណ៦ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ ចាន់ ណារី ភេទប្រុស អាយុ២៦ឆ្នាំ និងប្រពន្ធឈ្មោះ មើម ពៅ ភេទស្រី អាយុ២៣ឆ្នាំ បាននាំគ្នាទៅរកស៊ីនៅប្រទេសថៃ។
ករណីទី២ បានកើតឡើងនៅវេលាម៉ោង០២៖៥០នាទីរសៀល ថ្ងៃដដែលអគ្គីភ័យឆេះទាំងស្រុង សាលាឃុំបាក់អន្លង់ ១ខ្នង ដែលធ្វើពីឈើប្រក់ស័ង្ហសី មានទំហំ៩គុណ១២ម៉ែត្រហើយក្នុងនោះដែរ ជង្រុកស្រូវរបស់សាលាឃុំ ក៏ត្រូវភ្លើងឆាបឆេះទាំងស្រុង មានទំហំ៤គុណ៦ម៉ែត្រ ដែលស្ថិតនៅភូមិ សុកសេរី ឃុំបាក់អន្លង់ ស្រុកត្រពាំងប្រាសាទ។
ករណីខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា គឺបណ្តាលពីឆ្លងចរន្តអាគុយសូឡា ហើយសំភារៈត្រូវបាត់បង់រួមមាន៖ស្រូវចំនួន២តោន កៅអីជ័រចំនួន២៨០កៅអី តុកឈើវែងចំនួន២ ទូឈើ១ ទូដែក៥ និងសូឡាចំនួន១០ផ្ទាំង អាគុយស្ងួត៤គ្រឿង និងឯកសារពាក់ព័ន្ធ រដ្ឋបាលមួយចំនួនធំទៀត។
ករណីទី៣ បានកើតឡើងនៅវេលាម៉ោង ៣៖៣០នាទី ថ្ងៃដដែល លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១ខ្នង ដែលធ្វើអំពីឈើ ប្រក់ស័ង្ហសី ទំហំ៧គុណ៨ម៉ែត្រ ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ស្ថិតនៅចំណុចគោកទ្រាស ភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។ សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា មូលហេតុបណ្តាលមកពីភ្លើងឆេះព្រៃរាលដល់។
សមត្ថកិច្ចបន្តថា ម្ចាស់ផ្ទះឈ្មោះ ញ៉ែស ហឿន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបបធ្វើស្រែ និងប្រពន្ធឈ្មោះ លោះ រ៉ន អាយុ៥៣ឆ្នាំ ទ្រព្យសម្បត្តិត្រូវបានអគ្គីភ័យបំផ្លាញអស់គ្មានសល់រួម មាន៖ លុយចំនួនជាង១លានរៀល ម៉ូតូ១គ្រឿង ម៉ាស៊ីន២គ្រឿង ម៉ាស៊ីនបូមទឹក ១ គ្រឿង ម៉ាស៊ីនកាណូត ១គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនទៀត។
គ្រោះមហន្តរាយអគ្គីភ័យខាងលើនេះ ពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្ស ឬសត្វពាហនៈណាមួយនោះឡើយ។ ករណីខាងលើ រថយន្តពន្លត់អគ្គីភ័យនៃស្នងការនគរបាលខេត្តបានព្យាយាមជួយសង្គ្រោះ តែដោយសារតែស្ថានភាពផ្លូវតូចចង្អៀត និងពិបាក មួយណាស្ថានភាពអគ្គីភ័យខាងលើនេះ អណ្តាលភ្លើងឆេះសន្ធោរសន្ធៅខ្លាំង៕