(ភ្នំពេញ)៖ នាវាល្បាតរបស់ជប៉ុន ៣គ្រឿង ដែលដឹកនាំដោយលោក Masahiko KAWAKUBO មេបញ្ជាការកងទ័ពជើងទឹកជប៉ុន នឹងចូលមកសំចត និងបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃនៅកម្ពុជា។ នេះបើយោងសេចក្តីជូនដំណឹង របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

នាវាល្បាតទាំង ៣គ្រឿងនេះ មានឈ្មោះថា MAKINAMI, ASAYUKI និង SHIMAYUKI។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថាដំណើរមកកាន់ប្រទេសកម្ពុជា នៃនាវល្បាតទាំង ៣គ្រឿងនេះ ធ្វើឡើងក្នុងអំឡុងពេលធ្វើលំហាត់ នាវារបស់ពួកគេ។

បើតាមស្ថានទូតជប៉ុនដំណើរទស្សនកិច្ច ដែលធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែកុម្ភៈ សប្តាហ៍ក្រោយនេះ សំដៅពង្រឹងចំណងមិត្ត ភាពរវាងជប៉ុន និងកម្ពុជា តាមរយៈការផ្លាស់ប្ដូរកម្មវិធី ដែលនឹងផ្ដល់ឱកាសដល់សិក្ខាកាមជាង ១០០នាក់រៀនសូត្រអំពីវប្បធម៌ និងយោធានៅកម្ពុជា។

ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជានេះ លោក Masahiko KAWAKUBO  គ្រោងទស្សនកិច្ច និងសម្ដែងការគួរសមនៅឯមូលដ្ឋាន ទ័ពជើងទឹករាម ការិយាល័យខេត្តព្រះសីហនុ និងអាជ្ញាធរកំពុងផែ នៃខេត្តព្រះសីហនុនៅថ្ងៃទី១៣ ខែកុម្ភៈ មុននឹងលោកបន្តទស្សនកិច្ច នៅរាជធានីភ្នំពេញ និងចូលសម្ដែងការគួរសមនៅទីបញ្ជាការដ្ឋានកងទ័ពជើងទឹកកម្ពុជានៅថ្ងៃទី១៤ ខែកុម្ភៈ៕