(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ដឹកនាំដោយលោក​ ណាល់​ វណ្ណៈ​ អនុប្រធានសាខាទទួលបន្ទុក​ទីផ្សារ ​សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ បានចុះត្រួតពិនិត្យគុណភាព​ សុវត្ថិភាព​ ផលិតផល​ ម្ហូបអាហារ​ និងស្រាវជ្រាវនូវផលិតផលតៅហ៊ូ​ (Bottled preserved bean curd) ដែលមានចម្លងបាក់តេរី​ Bacillus cereuse ​នៅផ្សារថ្មីពោធិ៍សាត់ និងតាមបណ្តាម៉ាតមួយចំនួន ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

មន្រ្តីកាំកុងត្រូលខេត្តពោធិ៍សាត់ បានថ្លែងថា ក្រុមការងារបានចុះអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបានត្រួតពិនិត្យទំនិញ​ នំចំណីនៅក្នុងសាលារៀនចំនួន០២កន្លែង ​រួមមាន៖​ទី១-សាលាបឋមសិក្សាពោធិ៍សាត់ និងទី២-សាលាបឋមសិក្សាស្ថានីយ៍
ស្ថិតនៅភូមិពាលញែក២ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុងពោធិសាត់។

ជាលទ្ធផល: ផលិតផលតៅហ៊ូ​ (Bottled preserved bean curd) ដែលមានចម្លងបាក់តេរី​ Bacillus cereus​ គឺមិនមានចរាចរនៅផ្សារខាងលើនោះទេ​។
ក្រុមការងារបានធ្វើតេស្តបឋម លើផលិតផលម្ហូបអាហាររមួយចំនួន (ពុំមាន​រកឃើញសារធាតុគីមីហាមឃាត់ឡើយ), បានណែនាំ​ និងចែកផ្ទាំងរូបភាពអប់រំ ស្តីពីសុវត្ថិភាពម្ហូបអាហារ​ ដល់អាជីវករ​ ប្រជាពលរដ្ឋ​ និង​ប្អូនៗ​សិស្សានុសិស្ស​ នៅតាមសាលារៀន,  បានរឹបអូសផលិតផលខូចគុណភាព និងហួសកាលបច្ឆេទប្រើប្រាស់ចំនួនផងដែរ យកមករក្សាទុក​ នៅសាខាកាំកុងត្រូលខេត្តដើម្បី កំទេចចោលតាមនីតិវិធីច្បាប់៕