(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានលើកឡើងថា យើងនៅតែរក្សាជំហរមិនផ្ដល់ដីសម្បទានជាថ្មីនោះទេ ហើយក៏នៅតែរក្សាជំហររបស់យើង មិនអនុញ្ញាតឲ្យមានអាជីវកម្មឈើ ក្នុងរូបភាពជាព្រៃសម្បទាននោះផងដែរ ។
កាលើកឡើងរបស់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានយ៉ាងដូច្នោះ បានធ្វើឡើងនៅក្នុងវេទិការស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» និងមានការចូលរួមថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃក្រសួងស្ថាប័នរដ្ឋ និងតំណាងដៃគូអភិវឌ្ឍន៍ ក៏ដូចជាសហគមន៍មូលដ្ឋានជាច្រើននាក់ទៀត ដែលធ្វើឡើងនៅទីស្ដីការក្រសួង ។
លោករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា «យើងសព្វថ្ងៃនេះ បានផ្ញើរឯកសារទាំងស្រុងទៅ ក្រសួងនគរដែនដីរូបនីយកម្មហើយ ដើម្បីចុះបញ្ជីដីធ្លី ដើម្បីកំណត់សម្គាល់ឲ្យច្បាស់តែម្ដង ថាតំបន់ណាជាតំបន់ឯកជនរបស់រដ្ឋ និងតំបន់ណាជាតំបន់សាធារណៈរបស់រដ្ឋ កន្លែងណាជាសហគមន៍ និងកន្លែងណាជាតំបន់បេតិកភណ្ឌ នៅប្រើប្រាស់រយៈច្រើន និងថវិការជាច្រើនទៀត»។
លោកបន្ថែមទៀតថា ក្នុងការចុះបញ្ជីនេះ ជាយុទ្ធសាស្រ្តមួយដ៏ធំ ដើម្បីអំពាវនាវដល់អង្គការសង្គមស៊ីវិលនានា ឲ្យមានការសំណូមពរ ដើម្បីជជែកគ្នា អំពីបញ្ហានេះទៅមុខទៀត ដើម្បីបញ្ចប់បញ្ហាជំនួសដីធ្លីនេះ ។
លោកបន្តថា ការចុះបញ្ជីដីធ្លីនេះ គួរតែកាន់បន្ថយការចំណាយទៅលើផ្សេងៗ ដែលមិនសូវជាបានប្រយោជន៍ដល់ការងារយើងជារួម ហើយរាល់ទង្វើមួយចំនួន គួរគិតគូរពិចារណាឡើងវិញដើម្បីយកមកដាក់ត្រង់ណាឲ្យចំ។
លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា យើងក៏បានរៀបចំផែនការសុទ្ធសាស្រ្តមួយចំនួនទៀត សំរាប់គ្រប់គ្រង់តំបន់ការពារធម្មជាតិរបស់យើង រៀបចំដែលជាមួយនឹងផែនការយុទ្ធសាស្រ្តធំរបស់បរិស្ថាន និងយុទ្ធសាស្រ្តដែលដំបូងយើងបាន បន្តពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីបន្តរៀបចំផែនការនេះ គឺយុទ្ធការទទួលហរិញ្ញវទាន ពីខាងក្រៅមក ។
សូមបញ្ជាក់ថា វេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ»នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីអនុញ្ញាតឲ្យថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃក្រសួងស្ថាប័នរដ្ឋ និងតំណាងដៃគូអភិវឌ្ឍន៍ ក៏ដូចជាសហគមន៍មូលដ្ឋាន ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ នៃការអនុវត្តស្មារតីវេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕