(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជាង១ពាន់នាក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានសម្ដែងការរំភើបរីករាយ និងថ្លែងអំណរគុណ ចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ និងព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ១៣០នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ សរុបចំនួន១៩៩៤នាក់ ដោយក្នុងនោះ បានធ្វើការពិនិត្យជំងឺកុមារ៣០៥នាក់ ជំងឺផ្លូវចិត្ត១៥២នាក់ ជំងឺរោគស្រ្ដីចំនួន៤១២នាក់ ជំងឺឬដូងបាតចំនួន១៥៧នាក់ ជំងឺទឹកនោមផ្អែមចំនួន២០៣នាក់ ជំងឺផ្លូវដង្ហើមចំនួន២១៥នាក់ និងជំងឺទូទៅចំនួន៥៥០នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផងដែរ។
អ្នកស្រី អ៊ូ ថិន ប្រជាពលរដ្ឋដែលរស់នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹង «ថ្ងៃនេះខ្ញុំ និងអ្នកភូមិជាច្រើន សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ដែលបានចុះមកពិនិត្យ ព្យាលបាលជំងឺប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ»។
អ្នកស្រីបន្តថា «ខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយណាស់ ដែលបានក្រុមគ្រូពេទ្យចុះមកជួយ ដល់អ្នកស្រុក។ ការជួយនេះបានជួយកាត់បន្ថយ បន្ទុកជាច្រើនដល់ក្រុមគ្រួសារ របស់ខ្ញុំក៏ដូចជាអ្នកស្រុក កាត់បន្ថយការចំណាយថវិកា និងជួយដោះស្រាយទុក្ខលំបាក ដល់ប្រជាពលរដ្ឋក្នុងស្រុកបរសេដ្ឋទាំងអស់»។
អ្នកស្រី ខាត់ វ៉ាញ បាននិយាយថា «ខ្ញុំមានជំងឺប្រចាំកាយច្រើនមុខណាស់ ហើយថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានផ្ដល់ថ្នាំព្យាលបាល ឲ្យខ្ញុំក៏ដូចជាអ្នកស្រុក ហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាជ្រាលជ្រៅបំផុត ទៅដល់ក្រុមគ្រូពេទ្យដែល ផ្ដល់ថ្នាំដល់ប្រជាពលរដ្ឋក្រីក្រ ឲ្យរស់រានមានជីវិត»។
អ្នកស្រីបន្ដទៀតថា «ខ្ញុំពិតជាចង់ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះមកព្យាបាលប្រជាពលរដ្ឋ ឲ្យបានញឹកញាប់ ព្រោះប្រជាពលរដ្ឋមានអារម្មណ៍ សប្បាយរីករាយ និងកក់ក្តៅជាខ្លាំង»។
លោក ខាន់ សារឿង បានថ្លែងថា «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងភូមិ-ឃុំខាងលើ សូមថ្លែងអំណរគុណដល់ឯកឧត្តមហ៊ុន ម៉ានី ដែលបានចាត់ឲ្យក្រុមការងារពេទ្យ ចំណាយពេលវេលា ខិតខំជួយព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋនៅក្នុងឃុំដាច់ស្រយាលមួយនេះ។ ខ្ញុំសូមជូនពរឯកឧត្តម និងក្រុមគ្រួសារឲ្យជួបតែ សេចក្ដីសុខសប្បាយតរៀងទៅ»។
សូមជម្រាបថា រយៈពេល៥០ខែ ឈានចូលឆ្នាំទី៥ (ចាប់ពីឆ្នាំ២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន១៣៩៦នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន ៦៣លើក ក្នុងព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន ៦៩២៩៣នាក់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អុលបង្ហាញពី លោក ហ៊ុន ម៉ានី តំណាងរាស្ត្រនៃកម្ពុជា៕