(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត ក្រោមកិច្ចសហការពីសាលកវិទ្យាល័យណាហ្គោយ៉ា (Nagoya University) នៃប្រទេសជប៉ុន បាន និងកំពុងរៀបចំសិក្ខាសាលាកម្ពុជា-ជប៉ុនលើកទី២ស្តី «អំពីបច្ចេកទេសអង់ដូស្កូពីក្នុងការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជំងឺ មហារីក ប្រព័ន្ធរំលាយអារហារ និងថ្លើម» ដែលប្រព្រឹត្តទៅនៅ មន្ទីរពេទ្យកាល់ម៉ែតចាប់ពីថ្ងៃទី៦ ដល់៨ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងសិក្ខាសាលានេះ ក៏មានការបង្ហាញពីរបាយការណ៍របស់អង្គការសុខភាពពិភពលោកថា «ប្រជាជនកម្ពុជា ជាពិសេសបុរសមានអត្រាកើត និងស្លាប់ ដោយសារជំងឺមហារីកថ្លើមខ្ពស់ជាងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
សិក្ខាសាលានេះ មានគោលបំណងសំខាន់ៗ៣រួមមាន ទី១-ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ស្តី ពីការធ្វើរោគវិនិច្ឆ័យ និង ព្យាបាលជំងឺមហារីកប្រព័ន្ធរំលាយអារហារ និងមហារីកថ្លើម នៅប្រទេសកម្ពុជា និងជប៉ុន។ ទី២-ដើម្បីផ្ទេរនូវចំណេះដឹងពី បច្ចេកវិទ្យា និងបច្ចេកទេសថ្មីក្នុងការធ្វើរោគវិនិច្ឆ័យជំងឺមហារីកក្រពះ និងពោះវៀនធំពីសំណាក់អ្នកជំនាញពីសាកលវិទ្យាល័យ ណាហ្គោយ៉ា នៃប្រទេសជប៉ុន មកវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺក្រពះ-ពោះវៀន-ថ្លើម នៃមន្ទីរពេទ្យថ្នាក់ជាតិនៃប្រទេសកម្ពុជា និងទី៣- ការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាក្នុងការធ្វើឲ្យប្រសើរឡើងនូវការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជំងឺមហារីក ក្រពះ ពោះវៀនធំ និងថ្លើម នៅប្រទេសកម្ពុជា។
ការរៀបចំសិក្ខាសាលាខាងលើ ធ្វើឡើងក្រោយពីសង្កេតឃើញថា ជំងឺមហារីកប្រព័ន្ធរំលាយអារហារ និងថ្លើម គឺជាជំងឺមហារីក ដែលកើតមានជាញឹកញាប់នៅលើប្រជាជនកម្ពុជា។ ស្ថិតិចុងក្រោយ ពីអង្គការសុខភាពពិភពលោកនៅឆ្នាំ២០១២បានបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជា ជាពិសេស បុរសមានអត្រាកើត (incidence) និងស្លាប់ (mortality)ដោយសារ ជំងឺមហារីកថ្លើមខ្ពស់ជាងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានចំនួនអ្នកកើតប្រហែលជាង២២០០ករណីក្នុង១ឆ្នាំ ដែលក្នុងនោះជាង ៩៥% នៃអ្នកជំងឺបានទទួលមរណៈភាព (គិតជាចំនួនសរុបជាង២១០០ករណីក្នុង១ឆ្នាំ)។
ដោយឡែក ការសិក្សាមួយ របស់វេជ្ជបណ្ឌិត ហាវ មុនីរ័ត្ន នៅឆ្នាំ២០១១ ស្តីអំពីមហារីកពោះវៀនធំនៅប្រទេសកម្ពុជាដែលបាន ចុះផ្សាយ នៅក្នុងទស្សនាវដ្តីតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រាប់ការបង្ការជំងឺមហារីក (Asian Pacific Journal for Cancer Prevention) បានបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជាដែលមានអាយុតិចជាង៤០ឆ្នាំមានអត្រាកើតជំងឺមហារីក ពោះវៀនធំខ្ពស់ដែលអត្រានេះខ្ពស់ជាងអត្រា នៅក្នុងប្រទេសអភិវឌ្ឈន៍ដល់ទៅ៥ដង៕