(ភ្នំពេញ)៖ បុរសជនជាតិជប៉ុនម្នាក់ ជាថៅកែភោជនីយដ្ឋានមួយ នៅក្នុងរាជធានីភ្នំពេញ និងជនជាតិខ្មែរ២នាក់ (ស្រីម្នាក់) ត្រូវបាន នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ចាប់បញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៧ ពាក់ព័ន្ធការជួញដូរនារីខ្មែរ ឆ្លងដែនយកទៅឲ្យធ្វើជាស្រីពេស្យានៅប្រទេសជប៉ុន។
មន្រ្តីនគរបាលបានឲ្យដឹងថា បុរសជនជាតិជប៉ុនមានឈ្មោះ FuKUI SUSUMU អាយុ៥២ឆ្នាំ និងខ្មែរ២នាក់រួមមាន៖ ទី១-ឈ្មោះ សេង ចាន់ឌី ហៅខេនឌី ភេទប្រុស អាយុ៣០ឆ្នាំ និងទី២-ឈ្មោះ លឹម លក្ខិណា ហៅអាណែត ភេទស្រី អាយុ២៨ឆ្នាំ។
បើតាមមន្រ្តីនគរបាល កាលពីឆ្នាំ២០១៦កន្លងទៅ នៅក្នុងភោជនីយដ្ឋានជប៉ុនមួយ ដែលមានឈ្មោះ FUKUI SUSUMU ជាថៅកែ បានអូសទាញនារីខ្មែរក្មេងឲ្យមកធ្វើការតាមរយៈមេខ្យល់ឈ្មោះ សេង ចាន់ឌី និងលឹម លក្ខិណា។
បន្ទាប់មក ពួកគេក៏បានអូសទាញក្រុមនារីខ្មែរចំនួន១០នាក់ទៀត ដែលនៅក្នុងហាងឲ្យទៅធ្វើការនៅប្រទេសជប៉ុន ដោយសន្យាថា នឹងឲ្យប្រាក់ខែពី ៣៥០០ដុល្លារ ទៅដល់៥០០០ដុល្លារ ក្នុង១ខែ ហើយពួកគេបានផ្ដល់ឲ្យនារីខ្មែរទាំង១០នាក់ ខ្ចីប្រាក់មុនក្នុងម្នាក់ៗ ចំនួន៥០០ដុល្លារទៀតផង។
ដោយមានការផ្ដល់អំណោយផលយ៉ាងនេះ ក្រុមជនរងគ្រោះមានការទុកចិត្ត ក៏ព្រមទៅធ្វើការនៅប្រទេសជប៉ុនតាមការគ្រោងទុក ប៉ុន្តែមិនដូចការភូតកុហកនោះ ពេលដែលត្រូវគេបញ្ជូនមកដល់ប្រទេសជប៉ុន ក្រុមនារីខ្មែរទាំងនោះ ត្រូវគេលក់ដូរពីម្ចាស់ទៅ ម្ចាស់ទៀត បង្ខំឲ្យធ្វើជាស្ត្រីពេស្យាចារ្យ យ៉ាងគំរក់បំផុត រហូតដល់ទ្រាំលែងរួច មានជនរងគ្រោះខ្លះ បានរត់គេចទៅឲ្យនគរបាលជួយ និងដាក់ពាក្យបណ្ដឹងមកក្រសួងមហាផ្ទៃ បង្ហាញពីក្រុមឧក្រិដ្ឋជនជួញដូរមនុស្សឆ្លងដែននេះ រហូតដល់សមត្ថកិច្ច ចាប់ជនសង្ស័យបាន បញ្ជូនមកតុលាការចាត់ការតាមនីតិវិធី។
រហូតដល់រសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ អយ្យការអមសាលាដំបូង កំពុងធ្វើការសាកសួរ ជនសង្ស័យ ដោយមិនទាន់មានការ សម្រេចយ៉ាងណានៅឡើយទេ៕