(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកថ្មីមួយទៀត ដែលមានឈ្មោះថា ក្រុមហ៊ុនអាកាសចរណ៍ JC (Cambodia) International Airlines បានប្រកាសដាក់ដំណើរការ ជើងហោះហើររបស់ខ្លួន នៅកម្ពុជាជាផ្លូវការហើយ ។

យ៉ាងណាតំណាងក្រុមហ៊ុន សុំមិនបញ្ចេញតួលេខនៃការវិនិយោគនេះនោះទេ ប៉ុន្តែមន្ត្រីជំនាញបានអះអាងថា ការវិនិយោគនេះ អាចក្នុងរង្វង់១០០លានដុល្លារអាមេរិក។   

ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះរំពឹងថា ការចាប់ផ្តើមហោះហើរជាក់ស្តែង នឹងធ្វើឡើងនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយហោះហើរក្នុងស្រុក ជារៀងរាល់ថ្ងៃក្នុង១ថ្ងៃ៤ជើង។
 
លោកស្រី He Yu Hong នាយកប្រតិបត្តិ ផ្នែកទីផ្សារក្រុមហ៊ុន JC (Cambodia) International Airlines បានថ្លែងថា ក្រុមហ៊ុន អាកាសចរណ៍ថ្មីនេះ គឺនឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងនៅកម្ពុជា ដោយមានស្ថាបនិកជនជាតិខ្មែរ និងមានភាគហ៊ុន កម្មសិទ្ធិ១០០ភាគរយ។

លោស្រីបន្ដថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនវិនិយោគ លើវិស័យអាកាសចរណ៍នេះ ដោយសង្ឃឹមយ៉ាងមុតមាំ ទៅលើទីផ្សារ ប្រទេសកម្ពុជា នៃវិស័យអាកាសចរណ៍ ក៏ព្រោះតែប្រទេសកម្ពុជា មានតំបន់ទេ​សចរណ៍ ដ៏ល្បីល្បាញទូទាំងប្រទេស ហើយកំណើន សេដ្ឋកិច្ច បានកើតឡើងយ៉ាងខ្លាំងគួរឲ្យកត់សំគាល់។

លោស្រីបន្ថែមថា គម្រោងហោះហើរ និងប្រតិបត្តិការ នឹងត្រូវឡើងនាពេលឆាប់ៗខាងមុខ ដោយហោះហើរ៤ជើងក្នុង១ថ្ងៃ គឺពី ភ្នំពេញ-សៀមរាប, សៀមរាប-ភ្នំពេញ, សៀមរាប-ក្រុងព្រះសីហនុ និងក្រុងព្រះសីហនុ-សៀមរាប។

លោកស្រីបន្ថែម «យើងខ្ញុំនឹងប្រើប្រាស់ប្រភេទយន្ដហោះ Airbus320 ថ្មីសឡាង ដើម្បីចាប់ផ្ដើមប្រតិបត្តិការក្នុងឆ្នាំ២០១៧នេះ រួមទាំងបន្ថែមយន្ដហោះ Airbus320 ពី៣-៤គ្រឿងនាចុងឆ្នាំ២០២០ លើសពីនេះយើង នឹងនាំយកបន្ថែមយន្ដហោះ ប្រភេទធំ រហូតដល់ទៅ២០គ្រឿងបន្ថែមទៀត សម្រាប់ទិសដៅជើងហោះហើរ របស់យើងនឹងគ្របដណ្ដប់ទូទាំងអាស៊ាន និងអាស៊ី ប៉ែកអីសាន ចិន ជប៉ុន និងកូរ៉េជាដើម»។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា ស៉ិន ចាន់សិរីវុត្ថ បានសម្តែននូវក្តីអបអរសាទរចំពោះក្រុមហ៊ុនថ្មីនេះ ដែលចាប់ផ្តើមដំណើរការសេវារបស់ខ្លួន បន្ទាប់ទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា។

លោកថា ក្រុមហ៊ុន JC (Cambodia) International Airlines ជាក្រុមហ៊ុនទី២ ហើយដែលបើកដំណើរការហោះហើរនៅកម្ពុជា ក្នុងឆ្នាំ២០១៧នេះ ហើយក្រុមហ៊ុនអាកាសចរណ៍២ទៀត កំពុងតែរៀបចំខ្លួន ដើម្បីដំណើរការផងដែរ ខណៈនៅចន្លោះឆ្នាំ២០១៥-២០១៦ មានក្រុមហ៊ុនមួយប៉ុណ្ណោះ ដែលមិនអាចទ្រាំទ្របានហើយ ផ្អាកដំណើរការហោះហើរ គឺក្រុមហ៊ុនអាកាសចរណ៍ អប្សរា។  

លោក ស៉ិន ចាន់សិរីវុត្ថា បានថ្លែងថា ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ នឹងក្លាយជាក្រុមហ៊ុនអាសចរណ៍ទី៥​ ដែលធ្វើប្រតិបត្តិការ ហោះហើយ ក្នុងស្រុកក្នុងនោះរួមមាន៖ Cambdoia Angkor Air, Sky Angkor Air , Bassaka Air និងក្រុមហ៊ុន Bayon Airline៕