(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានស្នើកងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានភាពកក់ក្តៅទាំងផ្លូវចិត្ត និងផ្លូវកាយ។

លោកអភិបាលខេត្ត ក៏បានជំរុញឲ្យកម្លាំងនគរបាលត្រួតពិនិត្យ និងចាត់វិធានការទប់ស្កាត់ ឲ្យបានតឹងរឹងលើក្រុមក្មេងលេងម៉ូតូ ធ្វើឲ្យមានសំឡេងបំពងឮខ្លាំងៗរំខានប្រជាពលរដ្ឋ។ លោក ថង សាវុន ក៏បានស្នើសុំប្រជាពលរដ្ឋ ចូលរួមសហការរាយការណ៍អំពីបញ្ហាសន្តិសុខជូនដល់កម្លាំង ហើយត្រូវសហការឲ្យបានជិតស្និទ្ធជាមួយអាជ្ញាធរ ដើម្បីទប់ស្កាត់បញ្ហាអសកម្មនានា។

ដើម្បីផ្តល់លទ្ធភាពដល់កងកម្លាំងសមត្ថកិច្ច ក្នុងការរក្សាសន្តិសុខឲ្យបានខ្ពស់ថែមទៀតនោះ លោក ថង សាវុន នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានផ្តល់ម៉ូតូពីរគ្រឿង ជូនអធិការដ្ឋាននគរបាលក្រុងបានលុង យកទៅជិះចុះយាមល្បាត នៅតាមគោលដៅនានា ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ៕