(ព្រៃវែង)៖ នាចុងសប្ដាហ៍នេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានបញ្ចប់យុទ្ធនាការ ធ្វើបទបង្ហាញស្ដីពីវិធីសាស្រ្តរៀនត្រៀមប្រឡង និងការជ្រើសរើសជំនាញសិក្សា ក្នុងស្រុកពាមជរ ខេត្តព្រៃវែង ជាស្ថាពរ។
នារសៀលថ្ងៃសៅរ៍ដដែលនោះ ក្រុមការងារបានចុះទៅវិទ្យាល័យព្រែកក្របៅ លុះព្រឹកថ្ងៃអាទិត្យ ក្រុមការការបានចុះទៅវិទ្យាល័យរស្មីសាមគ្គី រួចពេលរសៀល បន្តដំណើរដោយម៉ូតូ និងឆ្លងដរទៅកាន់វិទ្យាល័យឈើទាល ជាកិច្ចបង្ហើយ។
ក្រុមការងារបានធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗដូចជា ការកំណត់គោលដៅជីវិត ការរៀបចំផែនការរៀនសូត្រ វិធីរៀនមុខវជ្ជាអំណាន វិធីរៀនមុខវិជ្ជាលំហាត់ វិធីរៀនក្នុងថ្នាក់ វិធីដោះស្រាយនឹងឧបសគ្គដល់ការរៀនសត្រ វិធីជ្រើសរើសជំនាញថ្នាក់មហាវិទ្យាល័យ និងវិធីត្រៀមខ្លួនដើម្បីប្រកួតប្រជែងការងារក្នុងប្រទេស និងក្នុងតំបន់អាស៊ាន។
លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត បានថ្លែងថា «អ្វីដែលចង់ឃើញ គឺយុវជនខ្មែរមានខ្លឹមសារជីវិត អភិវឌ្ឍខ្លួន គ្រួសារ និងជាសរសរទ្រូងជាតិ។ ប្អូនៗជាអ្នកបន្តវេន សូមមានជំនឿលើខ្លួនឯងថា អាចធ្វើបាន សូមមានជំនឿលើកម្ពុជាជាប្រទេសកំណើត ថាយើងនឹងឈានទៅមុខក្នុងបរិបទសន្តិភាព និងការអភិវឌ្ឍជាជំហ៊ាន។ ដូច្នេះសូមរួមគ្នារក្សាសន្តិភាព ប្អូនៗមានឱកាសធ្វើអ្វីៗគ្រប់យ៉ាង ដែលស្របច្បាប់ អីចឹង សូមចាប់ឱកាស ឆក់ឱកាស និងរក្សាឱកាស ដើម្បីជោគជ័យជីវិត»។
លោក ស សុខា បានថ្លែងទៀតថា «ខ្ញុំនៅតែជូនរង្វាន់ម៉ូតូ១គ្រឿងដល់ប្អូនដែលជាប់និទ្ទេសA និងដឹកនាំទៅទស្សនកិច្ចសិក្សានៅបរទេស១សប្ដាហ៍ សម្រាប់អ្នកព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ។ ក្រៅពីនេះ ខ្ញុំនឹងស្វែងរកអាហារូបករណ៍រៀនមហាវិទ្យាល័យមួយផ្នែកណាជូនប្អូនៗទាំង៣ខេត្តនេះ»៕