(កំពង់ឆ្នាំង)៖ ជម្លោះការរកស៊ីនៅកំពង់ចម្លងកំពង់ក្តារ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលភាគីម្ខាងមានឈ្មោះ តាគង់ និងម្ខាងទៀតមានឈ្មោះ តាម៉ាន ដែលបានអូសបន្លាយអស់រយៈពេលយូរហើយមកនោះ នៅពេលនេះ ត្រូវបានអាជ្ញាធរស្រុក ចុះទៅដោះស្រាយ ហើយធ្វើការវាស់វែងដីដល់ទីតាំង តែម្តងនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ដោយឡែក កម្មករកំពង់ចម្លង២នាក់ របស់ភាគីតាគង់ ដែលត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំងចាប់ខ្លួន ហើយត្រូវបានតុលាការខេត្តកំពង់ឆ្នាំងចាប់ ដាក់ឃុំ តាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៦មកនោះ ក៏ត្រូវបានដោះលែងផងដែរនៅពេលថ្ងៃនេះ។
អាជ្ញាធរមូលដ្ឋាន បានរៀបរាប់ពីដំណើររឿងខ្លះៗថា កំពង់ចម្លងកំពង់ក្តារនេះ ត្រូវបានតាគង់ រកស៊ីយូរឆ្នាំមកហើយ ដោយមានការអនុញ្ញាត ពីរាជរដ្ឋាភិបាលផងដែរ ដើម្បីដឹកមនុស្សឆ្លងពីម្ខាងទន្លេទៅម្ខាងទន្លេ។ ប៉ុន្តែបន្ទាប់មកពីស្រាប់តែមានបុរសម្នាក់ឈ្មោះ តាម៉ាន (អ្នករកស៊ី និងអ្នកមានទ្រព្យសម្បត្តិ ប្រចាំស្រុកកំពង់ត្រឡាច) បានមករកស៊ី បើកកំពង់ចម្លងដែរនៅជិតកំពង់ចម្លងតាគង់។
ការរកស៊ីរបស់ពួកគេទាំង២នាក់ តែងតែមានបញ្ហាកើតឡើង ក្នុងការដណ្តើមដីគ្នា និងឈានទៅដល់ការវាយតប់រវាងក្រុមកម្មករទាំងសងខាងទៀតផង ហើយក៏បានប្តឹងផ្តល់គ្នាទៅដល់តុលាការទៀតផង។ សម្រាប់ការប្តឹងផ្តល់គ្នានោះ ភាគីតាគង់បានឈ្នះរហូត ដោយសារតែកូនចៅតាម៉ាន ធ្លាប់បានបាញ់ប្រហារ និងលបវាយទៅលើកូនចៅតាគង់ទៀតផង។
ប៉ុន្តែកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ ស្រាប់តែកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បានមកចាប់ខ្លួនកម្មករ២នាក់ដែលជាកូនចៅតាគង់ រហូតតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារទៀតផង។ បន្ទាប់ពីមានករណីអយុត្តិធម៌នេះកើតឡើង ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានជួយអន្តរាគមន៍រហូតតុលាការដោះលែងជនរងគ្រោះទាំង២នាក់ ចេញពីពន្ធនាគារ ព្រមទាំងចាត់ឲ្យមន្រ្តីនាំយកថវិកាចំនួន៤០ម៉ឺនទៅប្រគល់ជូនពួកគេទៀតផង។
សូមបញ្ជាក់ថា សម្រាប់កំពង់ចម្លងទាំង២នេះ គីខាងភាគីតាគង់យកតម្លៃតែ៥០០រៀលប៉ុណ្ណោះ តែខាងភាគីតាម៉ានយកតម្លៃរហូត១០០រៀល ពេលឆ្លងទៅត្រើយម្ខាង។ ជាមួយគ្នានេះ មន្រ្តីជំនាញក៏បានចុះទៅវាស់វែង និងដោះស្រាយដល់ទីតាំងផងដែរ៕