(ភ្នំពេញ)៖ លោក ខឹម វាសនា ប្រធានគណបក្សគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) បានប្រកាសនៅក្នុងសន្និសីទ សារព័ត៌មាន នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យសម្រេចចិត្តថា មិនទៅបាតុកម្មនៅទីណាទេ គឺពួកយើងទៅបោះជំរុំ លើដីជាង២០ហិចតា នៅខេត្តកំពត ទីដែលចាប់ខ្លួនសកម្មជន LDP កាលពីម្សិលមិញ ដើម្បីទាមទារឲ្យមាន ការដោះលែងសកម្មជន របស់ខ្លួនមកវិញ។
លោក ខឹម វាសនា បានបញ្ជាក់ឲ្យដឹងថា «គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសម្រេចចិត្តថា មិនទៅបាតុកម្មនៅទីណាទេគឺពួក យើងទៅបោះជំរុំ លើដីជាង២០ហិចតាហ្នឹង រួចហើយយើងហ្នឹងបង្ហោះផ្សាយរាល់ថ្ងៃប្រាប់ទៅសាធារណជន ប្រាប់ទៅ សារព័ត៌មានថា ការតវ៉ារបស់យើង ស្ថិតនៅលើទីតាំងដីហ្នឹងផ្ទាល់ ពីព្រោះយើងច្បាស់លាស់ណាស់ថាដីហ្នឹងជាដីស្របច្បាប់ របស់ប្រជាពលរដ្ឋ»។
ការប្រកាសរបស់លោក ខឹម វាសនា បានធ្វើឡើង ក្រោយពីអាជ្ញាធរខេត្តកំពត បានឃាត់ខ្លួនសមាជិក១៣នាក់ របស់LDP អំពីការឈូសឆាយបំផ្លាញដំណាំប្រជាពលរដ្ឋ រំលោភយកដី នៅឃុំតេជោអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧។ ចំពោះការឃាត់ ខ្លួននេះស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួនសមាជិក ១៣នាក់រឿងដីធ្លីនោះ គឺធ្វើឡើងត្រឹមត្រូវតាមផ្លូវច្បាប់។
គួររំលឹកឲ្យដឹងថា ករណីនេះកម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ និងដោះស្រាយដីធ្លី ដែលប្រជាពលរដ្ឋចំនួន០៦គ្រួសារ បានដាក់ពាក្យ បណ្តឹងមកអាជ្ញាធរខេត្តកំពត ដើម្បីឲ្យខេត្តជួយដោះស្រាយ និងចាត់វិធានការបន្ទាន់ ចំពោះជនអនាធិបតេយ្យមួយក្រុម ដែលគេបាន ស្គាល់ថា ជាបក្ខពួក និងកូនចៅ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានយកគ្រឿងចក្រមកធ្វើ សកម្មភាពឈូសឆាយដី និងដំណាំរបស់ពួកគាត់ទាំង៦គ្រួសារខាងលើ។
ក្រុមការងារជំនាញ និងសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ឃើញសកម្មភាពជាក់ស្តែងយ៉ាងដូច្នេះ ក៏សម្រេចឃាត់ខ្លួនជនសង្ស័យ ចំនួន១៣នាក់ ដែលបាននឹងកំពុងធ្វើសកម្មភាពឈូសឆាយ និងបម្រើការងារឲ្យម្ចាស់ដីម្នាក់ ជាប្រធានគណៈបក្ស ឈ្មោះ ខឹម វាសនា ដែលនៅពីក្រោយខ្នង នាំមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕