(សៀមរាប)៖ សត្វទោចម្កុដ ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជនៅលើពិភពលោក ចំនួន០៤ក្បាល ត្រូវអាជ្ញាធរជាតិអប្សរា សហការជាមួយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងរដ្ឋបាលព្រៃឈើ ព្រមទាំងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Flight of the Gibbon Angkor) យកមកព្រលែង នៅក្នុងរមណីយដ្ឋានអង្គរកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥ កំពុងបង្កើនការបន្តពូជ ។
ទោចម្កុដទាំងពីរគូនេះ មួយគូត្រូវបានព្រលែងនៅក្នុងព្រៃម្តុំប្រាសាទតានៃ និងមួយគូទៀតត្រូវបានព្រលែង នៅក្នុងព្រៃក្បែរ ខ្លោងទ្វារខ្មោច។ មកទល់នឹងពេលនេះ សត្វទោចម្កុដទាំងពីរគូនេះ កើតកូនបានពីរក្បាលហើយ។
តាមការឲ្យដឹងរបស់ក្រុមហ៊ុនខែ្សយោងអេកូទេសចេណ៍ លោក Todd Anthony បញ្ជាក់ថា ទោចម្កុដឈ្មោលពណ៌ខ្មៅ មាន ឈ្មោះថា ប៉ាៗ ហើយទោចម្កុដញីពណ៌សមានឈ្មោះថា ម៉ាៗ។ ដោយឡែកកូនទោចម្កុដញីពណ៌សតូចជាងគេដែលទើបកើត នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ មានឈ្មោះថា ស្រីពេជ្រ។ តាមការសង្កេតកន្លងមកគេអាចជើញទោចម្កុដទាំងនោះ បាននៅពេលព្រឹកចន្លោះពីម៉ោង៦ទៅម៉ោង១០ព្រឹក។
គួរបញ្ជាក់ថា តាមការសិក្សាជំរឿនសត្វព្រៃកន្លងមក រមណីយដ្ឋានអង្គរ ធ្លាប់មានសត្វព្រៃជាច្រើនប្រភេទរស់នៅ។ ដោយឡែក សត្វព្រៃប្រភេទទោចម្កុដនេះ ក៏ធ្លាប់មានវត្តមានក្នុងតំបន់អង្គរផងដែរ ប៉ុន្តែក្នុងចន្លោះនៃសង្រ្គាមស៊ីវិល មកដល់ពេលបច្ចុប្បន្ននេះ ពួកទោចបានស្លាប់ផុតពូជពីព្រៃនេះទៅហើយ។ ក្នុងគម្រោងស្តារឡើងវិញនូវព្រៃឈើ និងសត្វព្រៃក្នុងឧទ្យានអង្គរអាជ្ញាធរជាតិ គ្រោងនឹងនាំយកប្រភេទសត្វកម្រផ្សេងៗ មកព្រលែងក្នុងព្រៃអង្គរឲ្យបានច្រើន ដើម្បីលើកតម្លៃបរិស្ថានធម្មជាតិ ក្នុងតំបន់អង្គរ ឲ្យកាន់តែវិសេសវិសាលថែមទៀត៕