(កំពង់ធំ)៖ ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាន និងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។
ជាក់ស្តែងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារស្ទោង ស្ថិតនៅភូមិកំពង់ក្តី ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាលទ្ធផលរកឃើញទឹកភេសជ្ជៈ មួយចំនួន និងផលិតខូចគុណភាពផង ហើយយកទៅកម្ទេចចោលផងដែរ។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា «ដោយគិតពីសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ មន្រ្តីកាំកុងត្រូលខេត្ត បានយកចិត្តទុកដាក់ មកពិនិត្យទំនិញនៅក្នុងផ្សារស្ទោង ហើយបានរកឃើញផលិតផលមួយចំនួន ខូចគុណភាព ដូចជា ចាហួយដូង ដែលផលិតនៅវៀតណាម ទឹកក្រូចចំណុះ ៣,១លីត្រ ចំនួន២ដប ផលិតនៅប្រទេសថៃ, ទឹកក្រូចចំណុះ ១,២៥លីត្រ ចំនួន៨ដប ផលិតនៅប្រទេសថៃ, ទឹកដោះគោជូ ចំណុះ២០០ml ចំនួន៦ដុំ ផលិតនៅប្រទេសថៃ ប៊ឺ ម៉ាក Meizan ទម្ងន់៨០g ចំនួន៤ដុំ ប៊ឺ ម៉ាក Margaringចំនួន៨០g ចំនួន៣៦ដុំ, គោជល់២៤កំប៉ុង ផលិតនៅប្រទេសថៃ ,ទឹកដោះគោ ក្រហម ចំនួន២កេស និងទឹកក្រូច ម៉ាក Chanh ចំណុះ២០០ ml ចំនួន១៥ដប។ យើងបានធ្វើកំណត់ហេតុ ចដកហូតយកទៅដុតកម្ទេចចោលផងដែរ»។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ បានបន្តថា ការធ្វើបែបនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ និងប្រជាពលរដ្ឋយើង៕